សមាគមវៀតណាម និងក្រុមកីឡាបាល់ទាត់ “កម្ពុជាថ្ងៃនេះ” នាំយកសម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនពលរដ្ឋ និងកុមារក្រីក្រ រស់នៅសហគមន៍ភូមិពូធឿង

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤ សមាគមវៀតណាម ប្រចាំខេត្តព្រះសីហនុ សហការជាមួយ ក្រុមកីឡាបាល់ទាត់មនុស្សធម៌ “កម្ជុជាថ្ងៃនេះ” បាននាំយកសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន យកទៅផ្តល់ជូន ប្រជាពលរដ្ឋ និងកុមារតូចៗ ស្ថិតក្នុងគ្រួសារក្រីក្រ ចំនួន ៥០គ្រួសារ រស់នៅសហគមន៍ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក ទេព ផាន់ណា តំណាងសមាគមវៀតណាម និងក្រុមកីឡាបាល់ទាត់មនុស្សធម៌ “កម្ពុជាថ្ងៃនេះ” មានប្រសាសន៍ថា ជំនួយសម្រាប់ចែកជូនពលរដ្ឋ និងកុមារក្រីក្រទាំងនោះ មានដូចជា៖ សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ តុ កៅអី និងថវិកាមួយចំនួនផង..។

លោកបន្តថា នៅសហគមន៍ភូមិពូធឿងនេះ មានកុមារតូចៗជាច្រើននាក់ មិនបានចូលរៀននៅសាលារដ្ឋទេ ហើយបច្ចុប្បន្ន ពលរដ្ឋ រស់នៅក្នុងមូលដ្ឋាននេះ បានរួមគ្នា សង់រោងមួយបន្ទប់ សម្រាប់ឱ្យក្មេងៗរៀនអក្សរ ហើយក៏បានអញ្ជើញគ្រូស្ម័គ្រចិត្តម្នាក់ ដែលមិនមែនស្ថិតក្រោមការគ្រប់គ្រង របស់សាលារដ្ឋ ឬវិស័យអប់រំ មកបង្រៀនកុមារតូចៗទាំងនោះ ដោយគ្មានប្រាក់បៀវត្សជូនឡើយ។

ទោះយ៉ាងណា លោក ផាន់ណា បន្តថា ចាប់ពីខែមិថុនានេះតទៅ ខាងសមាគមន៍វៀតណាម នឹងជួយឧបត្ថម្ភប្រាក់ចំនួន ២០ម៉ឺនរៀល ជាប្រចាំខែ ជូនគ្រូបង្រៀនស្ម័គ្រចិត្តរូបនោះ ដើម្បីជាការលើកទឹកចិត្ត។

លោក ទេព ផាន់ណា បញ្ជាក់បន្ថែមថា ការនាំយកជំនួយមនុស្សធម៌ ផ្តល់ជូន ប្រជាពលរដ្ឋ និងកុមារតូចៗក្រីក្រ រស់នៅសហគមន៍ភូមិពូធឿងខាងលើកនេះ គឺសមាគមន៍វៀតណាម និងក្រុមកីឡាបាល់ទាត់ “កម្ពុជាថ្ងៃនេះ” ធ្លាប់បានអនុវត្តជាច្រើនលើករួចមកហើយ ព្រោះសង្កេតឃើញថា កុមារតូចៗរស់នៅតំបន់នេះ មិនបានចូលរៀនអក្សរ នៅសាលារដ្ឋ ដូចក្មេងៗដទៃទៀតឡើយ។

លោកថ្លែងអំណរគុណ ដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុក ដែលបានចូលរួមជាថវិកា សម្រាប់ចំណាយទៅលើសកម្មភាព មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ជាពិសេសកុមារស្ថិតក្នុងគ្រួសារក្រីក្រ ទាំងពេលកន្លងមក និងបន្ត មកដល់បច្ចុប្បន្ននេះ៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង