សិក្ខាកាមសិក្សាវគ្គអភិរក្សថ្ម ចុះអនុវត្តការលាយកំបោរបាយអ សម្រាប់ជួសជុល និងពង្រឹងថ្ម

ខេត្តសៀមរាប ៖ សិក្ខាកាមជំនាន់ទី២ ចំនួន ២០នាក់ ជាមន្ត្រី-បុគ្គលិក របស់អាជ្ញាធរជាតិអប្សរា ដែលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញ ផ្នែកអភិរក្សថ្មប្រាសាទ ពេលនេះ បានឈានមកដល់វគ្គផលិតកំបោរបាយអ ដើម្បីជួសជុលពង្រឹងថ្មប្រាសាទ និងចុះអនុវត្តផ្ទាល់ នៅប្រាសាទបន្ទាយសំរ៉ែ។

កញ្ញា Helen JACOBSEN អ្នកជំនាញអភិរក្ស និងជាគ្រូបង្គោលអភិរក្សថ្ម ឱ្យដឹងថា វគ្គបណ្តុះបណ្តាលដែលមានចំនួន ១៣វគ្គនោះ បានឈានដល់វគ្គ ១០ហើយ និងនៅសល់តែ ២វគ្គទៀត ហើយនឹងមានការប្រលងបញ្ចប់នៅវគ្គ១៣។ ក្នុងវគ្គ ១០នេះ សិក្ខាកាមសិក្សាពីទ្រឹស្តី និងការប្រើប្រាស់បាយអ។

កញ្ញា Helen បន្ថែមទៀតថា ដំបូងគឺឱ្យសិក្ខាកាមស្គាល់ពីអ្វីជាបាយអកំបោរ អ្វីជាបាយអកំបោរសើម បាយអស៊ីម៉ងត៍ កាវញីឈ្មោល Epoxy សម្រាប់តភ្ជាប់ថ្ម និងថ្នាំ Ethyl Silicate សម្រាប់លាយជាមួយបាយអ។ បន្ទាប់មកតម្រូវឱ្យសិក្ខាកាមចុះអនុវត្តផ្ទាល់ ជាមួយថ្មប្រាសាទ ដែលរងការខូចខាត ពុកផុយ ស្នាមប្រេះ ការព្យាបាល ការការពារជម្រាបទឹក និងបច្ចេកទេសប្រើបាយអ តាមស្ថានភាពខុសៗគ្នា ពីកន្លែងមួយទៅកន្លែមួយ ក្នុងការងារជួសជុលអភិរក្ស។

បន្ទាប់ពីសិក្ខាកាម បានសិក្សាទ្រឹស្តី និងអនុវត្ត នៅក្នុងការដ្ឋាន ដោយផ្ទាល់ សិក្ខាកាមទាំងអស់ ទទួលបានចំណេះដឹងកាន់តែទូលំទូលាយ និងអាចផលិតបាយអ សម្រាប់ជួសជុល ពង្រឹងថ្ម ដោយមានជំនាញច្បាស់លាស់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការអភិរក្សថ្មប្រាសាទ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ ដែលចាប់ផ្ដើម តាំងពីពាក់កណ្តាលឆ្នាំ២០២២មក៕

 

អត្ថបទ: លោក យី សុថា

រូបភាព: លោក ភោគ ជា និងក្រុមការងារអភិរក្សថ្មប្រាសាទបន្ទាយសំរ៉ែ

អត្ថបទដែលជាប់ទាក់ទង