អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ

ខេត្តព្រះសីហនុ ៖ ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប៉ែកខាងកើត នៃជ្រុងខាងលិចឆៀងខាងជើង របស់ប្រាសាទបន្ទាយសំរ៉ែ។

គម្រោងជួសជុលនេះ ក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរាជាមួយ និងស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់។

អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី ឱ្យដឹងថា បច្ចុប្បន្នរានហាល នៅប៉ែកខាងកើត នៃជ្រុងខាងលិចឆៀងខាងជើង របស់ប្រាសាទបន្ទាយសំរ៉ែ ចាំបាច់ត្រូវពង្រឹងគ្រឹះ និងរចនាសម្ពន្ធ ឱ្យរឹងមាំឡើងវិញ ពីព្រោះ គ្រឹះរបស់រានហាលនេះ កន្លែងខ្លះទ្រុឌទ្រោមខ្លាំង កន្លែងខ្លះប្រេះបែកថ្ម ធ្វើឱ្យរចនាសម្ពន្ធមិនរឹងមាំ។

ចំណែកឯ បង្កាន់ដៃនាគនៅផ្នែកខាងលើ របស់រានហាលវិញ ក្រុមអ្នកបច្ចេកទេស កំពុងជួសជុលឡើងវិញទៅតាមអ្វីដែលអាចធ្វើទៅបាន។
លោក ឡុង ណារី មានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមការងារបានរើថ្ម បង្កាន់ដៃនាគខ្លះ ដែលបានរលំ និងផ្ទាំងថ្មខ្លះ បានក្រៀកញែកចេញពីគ្នា រួចហើយ ព្យាយាមរុញចូលគ្នាឡើងវិញ។ ក្នុងការជួសជុលបង្កាន់ដៃនាគនេះដែរ គឺបានប្រើកាវប្រភេទ Fiber Glass ដើម្បីបិទភ្ជាប់ថ្ម ដែលបែកឡើងវិញ ព្រមទាំងប្រើសរសៃដែកថែប ដើម្បីតភ្ជាប់តំណថ្ម និងជួយទ្រទម្ងន់ថ្មខ្លះផង។ ចំពោះបង្កាន់ដៃចាស់ខ្លះ ដែលបែករកបំណែកមិនឃើញ គឺក្រុមការងារបានប្រើថ្មថ្មីមកបិទបំពេញ ចំណែកកន្លែងខ្លះដែលបាត់ថ្ម គឺត្រូវយកថ្មថ្មីមកឆ្លាក់ហើយដាក់ជំនួស។

បច្ចុប្បន្ននេះ រានហាល និងបង្កាន់ដៃនាគ នៅប៉ែកខាងកើត នៃជ្រុងខាងលិចឆៀងខាងជើង របស់ប្រាសាទបន្ទាយសំរ៉ែ មានថ្មខូចខាតជាច្រើនប្រភេទ ដោយកន្លែងខ្លះថ្មបានបែកពីលើ កន្លែងខ្លះបែកពីក្រោម កន្លែងខ្លះបែកពីចំហៀង និងកន្លែងខ្លះទៀតថ្ម មានសភាពពុកផុយ ដែលទាមទារឱ្យអ្នកបច្ចេកទេស ត្រូវធ្វើ់ការព្យាបាល និងដកជាតិអំបិលចេញពីថ្ម មុននឹងយកដាក់ទៅតាមកន្លែងដើមឡើងវិញ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា /ក្រុមការងារជួសជុលប្រាសាទបន្ទាយសំរ៉ែ

អត្ថបទដែលជាប់ទាក់ទង