នគរបាលខេត្តព្រះសីហនុ អំពាវនាវដល់អ្នកបើកបរ ត្រូវប្រុងប្រយ័ត្នខ្ពស់ ខណៈ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់និងរបួសមនុស្សរាល់ថ្ងៃ

ខេត្តព្រះសីហនុ ៖ មន្ត្រីជំនាញនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវគោរពច្បាប់ ឳ្យបានជាប្រចាំ​ ត្បិតគ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឳ្យមានមនុស្សស្លាប់ និងរងរបួស ជារៀងរាល់ថ្ងៃ។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពី នៅមូលដ្ឋានខេត្តព្រះសីហនុ ជាពិសេសក្រុងព្រះសីហនុ បានកើតមានគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ឬកើតឡើងរាល់យប់ថ្ងៃ ដោយបណ្តាលឳ្យមានមនុស្សស្លាប់និងរបួសជាបន្តបន្ទាប់។

ជាក់ស្តែង នៅរសៀលថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៤នេះ មានបុរស២នាក់ បានរងរបួសធ្ងន់ និងម្នាក់ទៀត រងរបួ​សស្រាល ក្រោយ​បើកម៉ូតូបុកប៉ះគ្នា ជាមួយរថយន្ត ម៉ាកអាល់ផាត ១គ្រឿង នៅម្តុំស្តុបចរាចរណ៍ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយវត្ថុតាងម៉ូតូ និងរថយន្ត បាននាំយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ រងចាំរកដំណោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង