អ្នកស្រាវជ្រាវ និងអ្នកស្រុកគូលែន យល់ថា ព្រែកស្រមោច ជាព្រែកជីកបុរាណ
ខេត្តសៀមរាប ៖ ក្រុមអ្នកស្រាវជ្រាវ និងអ្នកស្រុកមួយចំនួន យល់ថា ព្រែកស្រមោច ដែលជា ព្រែកជីកបុរាណ មានប្រភពចាប់ពីភ្នំគូលែន ចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប ហើយពីមុនមក ក៏ពុំទាន់មានការសិក្សា ទាំងផ្នែកបុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មាន ការសិក្សាពីសហគមន៍មនុស្ស តាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទងផ្សេងទៀតដែរ ដែលបានចុះផ្សាយ ក្នុងបណ្តាណព័ត៌មានវប្បធម៌ខ្មែរ។
លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ដែលជាប្រធានគម្រោងបានផ្តល់ នូវសំណួរមួយចំនួនដូចជា៖ តើគេជីកព្រែកដ៏ធំនេះ ដើម្បីទាញយកទឹកប្រើប្រាស់ឬបែបណា? បើដូច្នេះ ហេតុអ្វី ក៏មានទទឹង ធំម្ល៉េះ? ដើម្បីដឹកជញ្ជូនភាជន៍ ពីកន្លែងផលិត នៅលើភ្នំគូលែន ចុះ មកទន្លេ សាប? ឬ មួយ មានតួនាទីជាផ្លូវ ដឹកថ្មពីអូរថ្មដាប់ ដែលជាកន្លែងដាប់ យកថ្មទៅកសាង ប្រាសាទនៅអង្គរ? ចម្ងល់ទាំងនេះហើយ ដែលក្រុមស្រាវជ្រាវ ត្រូវធ្វើការស្វែងយល់ថា តើព្រែកជីកបុរាណនេះ មានប្រភពពីណា ទៅដល់ត្រឹមណា? មានតួនាទីអ្វីឱ្យប្រាកដ?
កន្លងមក ក្រុមស្រាវជ្រាវ បានប្រើប្រាស់រូបថតពីលើអាកាស ដែលបោះពុម្ព ក្នុងឆ្នាំ១៩៤១ និងរូបភាពពីលើអាកាសតាមរយៈ Google Earth បានបង្ហាញថា ព្រែកស្រមោច សណ្ដូកតាមទិសខាងជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលខេ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម។
ការស្រាវជ្រាវ នៅដំណាក់កាលទី១ បានបង្ហាញថា ព្រែកជីកនេះ លាតសន្ធឹងមិនដល់ភ្នំគូលែនទេ គឺនៅត្រឹមម្ដុំវត្តសំរោងតែប៉ុណ្ណោះ ព្រោះពុំមានស្លាកស្នាមបន្តទៀតទេ។ ព្រែកជីកនេះមានប្រវែងសរុប ២៣គីឡូម៉ែត្រ ហើយកន្លែងខ្លះមានទទឹងពី ៣០០ម៉ែត្រ កន្លែងខ្លះមានទទឹង ១៥០ម៉ែត្រ និងមានកម្ពស់ជាង ៤ម៉ែត្រ។
ត្រង់ចំណុចនេះ ក្រុមអ្នកស្រាវជ្រាវ សន្និដ្ឋានថា ប្រភពទឹកហូរចូលព្រែកនេះ អាចមានប្រភព២ សំខាន់ៗ៖ ទី១ ប្រភពទឹកពីភ្នំគូលែន ស្ថិតនៅខាងជើងវាលរាបអង្គរ រួចហូរចូលព្រែកជីកនេះ និងទី២ ប្រហែលទឹកឡើងមកពី ទន្លេសាប ច្រាលចូលក្នុងព្រែក។
យ៉ាងណា យើងពុំដឹងថា ព្រែកជីក ដ៏ធំនេះ កសាងនៅសម័យណាទេ តែគេអាចសន្និដ្ឋានថា អាចកើតមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬប្រហែលអាចជាមុននោះយូរផង។ ហើយក្រោយមក ប្រហែលជា ព្រែកជីកនេះមានដំណើរការរអាក់រអួល និងខូចខាត ដោយអន្លើ ទើបក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ បានធ្វើផ្លូវ មានទាំងស្ពានមួយចំនួន ដែលសព្វថ្ងៃនេះក្លាយមកជាផ្លូវជាតិលេខ៦ កាត់ព្រែកជីក ឲ្យដាច់ជាពីរផ្នែកនៅត្រង់ចំណុច “ថ្នល់ចែក” ម្តុំភូមិថ្នល់ចែក ឃុំដុំដែក ស្រុកសូទ្រនិគម។
អ្នកស្រុក រស់នៅតាមទំនប់ព្រែក ជីក មួយចំនួននៅ ចាំតៗគ្នាថា ព្រែកស្រមោច ឬផ្លូវសំពៅនេះ ជាផ្លូវទឹក បុរាណ មួយដែលមានសំពៅ ចរាចរ ចុះឡើងចន្លោះ ពីទន្លេសាប ទៅដល់ ភ្នំគូលែន និងជាផ្លូវដឹកជញ្ជូនថ្ម ទៅ សាងសង់ប្រាសាទនៅអង្គរផងដែរ។
នៅក្នុងឆ្នាំ២០២៤នេះ ក្រុមស្រាវជ្រាវបានបន្តធ្វើកំណាយ នៅទីតាំងភូមិថ្មី ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក្នុងបំណងស្វែងយល់បន្ថែម ពីព្រែកស្រមោច និងស្វែងយល់ពីការតាំងទីរបស់ប្រជាជន និងពេលវេលា ដែលពួកគេរស់នៅទីនេះ។ ក្នុងពេលធ្វើកំណាយនេះ គេបានរកឃើញឃើញ កុលាលភាជន៍ខ្លះៗដូចជា៖ កុលាលភាជផុយ និងភាជន៍មានស្រទាប់រលោង ដែលមានអាយុកាល មុនសម័យអង្គរផង៕
អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន, រូបភាពឯកសារ