ក្រុមអភិរក្សប្រទះឃើញ សត្វដំរីញីមួយក្បាល ជាប់ផុងក្នុងភក់ នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ក្រុមអភិរក្ស បានប្រទះឃើញ សត្វដំរីញីមួយក្បាល ជាប់ផុងក្នុងភក់ មានសភាពអស់កម្លាំងខ្លាំង ហើយត្រូវបានមន្ត្រីជំនាញជួយសង្គ្រោះ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា មានដំរីព្រៃញីជាប់ភក់ខាងលើនេះ គឺនៅចំណុចអូរក្រាក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងបរិវេណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច លឹម រ៉ូយ៉ាល់ ក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ក្រុមមន្ត្រីការិយាល័យ ដែនជម្រកសត្វព្រៃភ្នំព្រេច បានសហការណ៍ជាមួយមន្ត្រីអង្គការ WWF ខេត្តមណ្ឌលគិរី កំពុងជួយសង្គ្រោះសត្វដំរីញីមួយក្បាលនេះ ដោយយកគ្រឿងចក្រស្ទួចលើកចេញពីភក់។
បច្ចុប្បន្ន ក្រុមមន្ត្រីជំនាញ បានលើកយកសត្វដំរីនោះ ចេញពីភក់រួចដឹកយកទៅដាក់កន្លែងមានសុវត្ថិភាព ហើយបានដាក់ចំណី និងទឹក ឲ្យទឹក។
មន្ត្រីជំនាញ បញ្ជាក់ថា សត្វដំរីញីមួយក្បាលនេះ មានស្នាមរបួសជើងមុខធ្ងន់ធ្ងរ ហើយពេលនេះ ត្រូវគ្រូពេទ្យ មកពីអង្គការសម្ពន្ធ័មិត្តសត្វព្រៃ កំពុងពិនិត្យព្យាបាល។
សូមបញ្ជាក់ថា នៅព្រៃអភិរក្សក្នុងខេត្តមណ្ឌលគិរី នៅសេសសល់សត្វដំរីព្រៃ ពូជអាស៊ីច្រើនជាងគេ នៅលើពិភពលោក។ ហើយ មួយរយៈពេលចុងក្រោយនេះ សត្វដំរី ព្រៃទាំងនោះ តែងបង្ហាញខ្លួនជិតៗភូមិ របស់អ្នកស្រុក។ ជួនកាល មានពេលខ្លះ ពួកវា បានចូលរកចំណី និងរកប្រភពទឹកផឹក តែមិនបង្កគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សទេ ដោយគ្រាន់តែមានការប៉ះពាល់ដល់ ផលដំណាំខ្លះៗ របស់អ្នកស្រុក៕