សមត្ថកិច្ច ឃាត់ខ្លួនមេខ្លោង១០នាក់ ករណីកាប់ទន្ទ្រានដីរដ្ឋ និងដកហូតដីជាង៧ពាន់ហិកតា នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃរដ្ឋបាលខេត្តស្ទឹងត្រែង បានសហការចុះប្រតិបត្តិការ បង្ក្រាបបទលហមើសកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់ និងបានចាប់ខ្លួនមេខ្លោង ១០នាក់ ដែលកៀគរ ប្រជាពលរដ្ឋ ឲ្យចូលទៅកាប់រុករាន ទន្ទ្រានដីរបស់រដ្ឋ ស្ថិតនៅតំបន់ ព្រៃក្រឡាពស់ ស្រុកសេនសាន ខេត្ដស្ទឹងត្រែង ដោយដកហូតដី ជាង ៧ពាន់ហិកតា មកគ្រប់គ្រងជាសម្បត្ដិរដ្ឋវិញ។
នេះបេីតាមការលើកឡើង របស់ លោក ប៉ាន់ខែម ប៊ុនថន ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង។
លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានទី២ នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រូបលោកបានដឹកនាំ ក្រុមការងារខុទ្ទកាល័យ សហការជាមួយ អាជ្ញាធរខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពី អយ្យការអមសាលាដំបូង កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងមន្ទ្រីជំនាញពាក់ព័ន្ធ ក្នុងខេត្ត បានបើកប្រតិបត្តិការជាបន្ទាន់មួយ ដើម្បីបង្ក្រាបបទល្មើសការកាប់ទទ្ទ្រានដីព្រៃ របស់រដ្ឋយកទៅធ្វើអាជីវកម្ម ទិញ លក់ យ៉ាងអនាធិបតិយ្យ នៅក្នុងតំបន់ព្រៃក្រឡាពស់ និងតំបន់មួយចំនួនទៀត ស្ថិតក្នុងភូមិសាស្ត្រ ទឹកដីនៃស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង។
លោកបន្តថា ក្នុងសកម្មភាពដឹកនាំ បង្ក្រាបបទល្មើសព្រៃឈើនេះ ក្រុមការងារទទួលបាន លទ្ធផលយ៉ាងជោគជ័យ ដោយធ្វើការរំដោះបានដីព្រៃជាង ៧.០០០ហិកតា ដែលរងនូវការកាប់ទន្ទ្រាន និងសម្រេចចាប់ខ្លួនបានមេខ្លោង ដែលជាមេខ្យល់ដើរកៀរគរ បោកបញ្ឆោត បងប្អូនប្រជាពលរដ្ឋ ឲ្យចូលកាប់ទន្ទ្រានដីព្រៃ របស់រដ្ឋធ្វើកម្មសិទ្ធិ ដោយមេខ្យល់សន្យាថា នឹងលក់ដីទាំងនេះ ឲ្យក្នុងតម្លៃថោកៗ ដែលជាសុទ្ធជាដីមានប្លង់ត្រឹមត្រូវ និងដីខ្លះកំពុងរត់ប្លង់ ដើម្បីឲ្យបានស្របច្បាប់។
លោក ប៉ាន់ខែម ប៊ុនថន ចាត់ទុកសកម្មភាពខាងលើ ថាជាបទល្មើសកាប់បំផ្លាញដីព្រៃរដ្ឋ យ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យវិនាសបាត់បង់ នូវព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិ របស់រដ្ឋ ។
លោកបន្តថា បើពុំមានការទប់ស្កាត់ទាន់ពេលទេនោះ ការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ទាំងនេះ អាចឈានដល់ការខូចខាតច្រើនជាងនេះ រហូតបាត់បង់ព្រៃឈើជាង ១២.០០០ហិកតា ឯណោះ។
ឆ្លើយតបចំពោះសំនួរ របស់អ្នកសារព័ត៌មាន ដែលសួរថា មេខ្លោង១០នាក់ ដែលនៅពីក្រោយបទល្មើសព្រៃឈើ ខាងលើនេះ នឹងមានកិច្ចអន្តរាគមន៍ឲ្យដោះលែងវិញឆាប់ៗនេះ, តើជាពិតមែនទេ?
ត្រង់ចំណុចនេះ លោក ប៉ាន់ខែម ប៊ុនថន បានឆ្លើតបថា នេះគ្រាន់ជាពាក្យចរចាមអារ៉ាមប៉ុណ្ណោះ ។ ប៉ុនែ្តទោះយ៉ាងណា លោកថា យើងរង់ចាំមើលទាំងអស់គ្នា តើមាននរណាហ៊ានចេញមុខអន្តរាគមន៍ ឲ្យដោះលែងជនសង្ស័យ ជាមេខ្លោងកាប់បំផ្លាញ់ព្រៃឈើទាំងនេះ ឲ្យនៅក្រៅសំណាញ់ច្បាប់ឬអត់ ?
លោកបញ្ជាក់បន្ថែមថា មិនថាឡើយតែមេខ្លោងទាំង ១០នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនបាននេះទេ សូម្បីតែមេខ្លោង ដែលកំពុងរត់គេចខ្លួន ក៏សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន យកមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។
លោកបន្តថា អាជ្ញាធរនឹងមន្ត្រីពាក់ព័ន្ធ នឹងចាត់កម្លាំង ឲ្យនៅចាំឃ្លាំមើលថែរក្សាការពារតំបន់នេះ មិនឲ្យកើតរឿងបែបនេះ សារជាថ្មីម្ដងទៀតនោះទេ។ហើយ ចំពោះប្រជាពលរដ្ឋស្លូតត្រង់ដែលចាញ់បោកក្រុមមេខ្យល់ ពួកគាត់បានព្រមទទួលស្គាល់កំហុស ដោយមួយចំនួន បានវិលត្រឡប់ទៅកាន់ទីកន្លែងកំណើតវិញ នឹងមួយចំនួនទៀត អាជ្ញាធរស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ កំពុងដុតដៃដុតជើងធ្វើការស្រង់អត្តសញ្ញាណកម្ម ឲ្យបានច្បាស់លាស់ ដើម្បីធ្វើការដោះស្រាយជូនពួកគាត់។
សូមបញ្ជាក់ថា ក្រុមការងារ បានរំដោះដីព្រៃដែលរងការកាប់ទន្ទ្រានបានជាង ៧.០០០ហិកតា យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ និងចាប់ខ្លួនមេខ្លោងបាន ១០នាក់ ដែលជាខ្មែរអ៊ិស្លាម និងបន្ដធ្វេីការបង្រ្កាប និងរំដោះដី ដែលជាសម្បត្តិ របស់បន្ថែមទៀត នៅតាមតំបន់នានា ក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ និន្ទចា