អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែក រូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ជាង១០០បំណែក នៅប្រាសាទតាព្រហ្ម
ខេត្តសៀមរាប ៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែក រូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ប្រមាណជាង ១០០បំណែក នៅក្នុងបរិវេណ របស់ប្រាសាទតាព្រហ្ម ខណៈពេលក្រុមការងារ ដែលជីកដីធ្វើកំណាយ សម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ..។
បំណែកបដិមាទាំងនោះ មានដូចជា៖ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម..។
បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារ បានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្ម ដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួម របស់ប្រាសាទ ឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ ហើយ កំឡុងពេលសម្អាត នោះ ក្រុមការងារ ក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។
លោកស្រី ស៊ីមន មានប្រសាសន៍ទៀតថា ដោយសារតែក្រុមការងារប្រទះឃើញបំណែកបដិមាកប់ នៅក្នុងដីជម្រៅពី ១០ទៅ១៥សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញ បំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង ១០០បំណែក។
រហូតមកដល់ពេលនេះ ក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្នុងជម្រៅដីចុះទៅក្រោមទៀតអាចនៅតែមានបដិមាដែរ ឬក៏យ៉ាងណាឡើយ។
យ៉ាងណា បច្ចុប្បន្ននេះ ក្រុមការងារ កំពុងតែលើកយក បំណែករូបបដិមាជាច្រើន ដែលគេបានប្រទះឃើញនោះ មកធ្វើការគូរប្លង់ បង់លេខ ព្រមទាំងវាស់វែងទំហំខ្នាត ជាបណ្តោះអាសន្ន។
ក្រុមអ្នកជំនាញបុរាណវិទ្យា បានសន្និដ្ឋានថា បំណែកព្រះពុទ្ធបដិមាដែលគេប្រទះឃើញទាំងនោះ គឺស្ថិតក្នុងរចនាបថបាយ័ន។
បំណែករូបបដិមា ដែលប្រទះឃើញខ្លះ មានកម្ពស់ប្រហែលកន្លះម៉ែត្រ និងទំហំពី ៤០ទៅ៥០សង់ទីម៉ែត្រ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា/ យី សុថា