ស្ត្រីម្នាក់ ត្រូវដំរីព្រៃ វាយប្រហារហូតដល់បាត់បង់ជីវិត នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ករណីស្រ្តីម្នាក់ ដែលសត្វដំរីព្រៃ វាយប្រហារហូតដល់បាត់បង់ជីវិតកាលពីថ្មីៗនេះ ត្រូវបានគេសង្ស័យថា ពួកគាត់ទៅរកទំពាំងឬស្សី នៅជិតសត្វដំរីព្រៃឈ្មោលមួយក្បាល ដែលឈឺជើងដើរមិនរួច ហើយមេហ្វូង របស់ដំរីព្រៃ ក៏វាយប្រហាស្រ្ដីខាងលើ បណ្ដាលអោយស្លាប់។

លោក ស៊ិន សត្ថា នាយកដែនជម្រសត្វព្រៃកែវសីមា ឲ្យដឹងថា មន្ត្រីបច្ចេកទេស បានប្រទះឃើញសត្វដំរីឈ្មោល០១ក្បាល វាឈឺជើងមុខខាងឆ្វេង វានៅក្នុងអូរប៉ាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ក្រុមការងារបានយកចំណីដាក់នៅជិតៗវាផងដែរ ហើយបច្ចុប្បន្នសត្វដំរីខាងលើនេះ សុខភាព របស់វាប្រសើរឡើងវិញបន្តិចហើយ ខណៈដែលហ្វូង របស់វាមិនទៅណាឆ្ងាយពីដំរីឈ្មោលដែលឈឺជើងនេះទេ ពួកវាមានភាពកាចសាហាវខុសធម្មតា ដូចជាកំពុងត្រៀមវាយប្រហាទៅលើសត្រូវរបស់វា ដែលព្យាយាមចូលទៅជិតគ្នាវាអញ្ចឹង ជារឿយៗសត្វដំរីព្រៃតែងតែបង្ហាញវត្តមាន របស់វាជារៀងរាល់ឆ្នាំ ប៉ុន្តែវាមិនកាចសាហាវ មិនបានវាយប្រហារ មកលើមនុស្សនោះទេ។


លោក សុះ មីឡែម អភិបាល រងស្រុកកែវសីមា ឲ្យដឹង ថា រដ្ឋបាលស្រុកកែវសីមា កំពុងចាត់វិធានការណែនាំដល់មេឃុំ មេភូមិ ក្នុងការចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចូលក្នុងព្រៃស្វែងរកបន្លែ ក្នុងបរិវេណក្បែរៗកន្លែងដែលដំរីកំពុងឈឺ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

បន្ថែមពីពីនេះ លោកក៏ស្នើសុំដល់មន្រ្តីជំនាញពាក់ព័ន្ធតាមដានយកចិត្តទុកដាក់ទៅលើសុខភាព និងជំងឺ របស់ដំរីផងដែរ។

សុំរំលឹកផងដែរថា​ កាលពីថ្ងៃទី១៤ ខែមេសាឆ្នាំ២០២៤ថ្មីៗ​នេះ ស្រ្តី​ម្នាក់​ត្រូវបា​នសត្វដំរីព្រៃជាន់​ស្លាប់ពេលដេីររកទំពាំងឫស្សី នៅក្នុងព្រៃ ជនរង់គ្រោះឈ្មោះ សែម ស៊ីណាត ភេទ ស្រី អាយុ ៣៨ឆ្នាំ រស់នៅ ភូមិ អូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង