ផ្ទុះគ្រាប់បេ៤១ ស្លាប់មនុស្ស៤នាក់ នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះឈើចំនួនពីរខ្នង របស់ជនរងគ្រោះ ក្នុងឧបទ្ទេវហេតុផ្ទុះគ្រាប់បេ៤១ ស្លាប់អស់មនុស្សចំនួន ៤នាក់ កំពុងប្រឈមការរុះរើ ឬដុតចោល ដ្បិតអ្នកភូមិជាពិសេសសាច់ញាតិយល់ថា អាចនាំគ្រោះចង្រៃដល់អ្នកដទៃ ប៉ុន្តែយ៉ាងណា  អាជ្ញាធរ កំពុងសម្របសម្រួលរឿងនេះ កុំឲ្យអ្នកភូមិ ឈានទៅដុតផ្ទះជនរងគ្រោះចោល..។

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរក្រុងសែនមនោមរម្យ និងមន្ត្រីសង្កាត់រមនា បានចុះទៅពន្យល់ណែនាំហាមឃាត់មិនឲ្យបងប្អូនអ្នកភូមិ និងក្រុមគ្រួសារ របស់ជនរងគ្រោះទាំងអស់កើតមានអារម្មណ៍ភ័យខ្លាច រហូតឈានដល់ដុតបំផ្លាញផ្ទះសម្បែង ឬទ្រព្យសម្បត្តិនានា របស់សព ដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើ ទេ។

លោក ជ្រង ធីល អភិបាលរងក្រុងសែនមនោរម្យ បានឲ្យដឹងថា ក្រុមគ្រួសារ របស់សព ដែលបានស្លាប់ក្នុងករណីនេះ គឺពួកគាត់ ជួបទុក្ខធំ និងអណោធអធម៌ណាស់ទៅហើយ ពោលគឺបាត់បង់បង្គោលគ្រួសារ ដែលជាបង្អែកដ៏រឹងមាំជួយជ្រោងជីវភាព រួមមាន ឪពុក កូន និងចៅ។ ហើយបើត្រូវដុតបំផ្លាញផ្ទះសម្បែង ឬទ្រព្យសម្បត្តិ ដែលនៅសេសសល់ទៀត តើអ្នកនៅរស់ត្រូវជួបទុក្ខលំបាកអ្វីខ្លះ?

លោកអភិបាលរង ក្រុងសែនមនោរម្យបន្តថា អបីយ៍ជំនឿមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗ ឬស្លាប់ក្នុងឧបទ្ទេវហេតុអ្វីមួយ តាំងពីបុរាណតាមប្រពៃណីជនជាតិដើមភាគតិច ក្នុងខេត្តមណ្ឌលគិរី គេតែងសន្មត់ថា ខ្មោចតៃហោង ដែលតម្រូវឲ្យ សាច់ញាតិគ្រួសារសព (ប្តីឬប្រពន្ឋឬកូនៗ) ត្រូវរៀបចំពិធីសែនព្រេនថ្វាយ គោ មាន់ ទា ជ្រូក និងស្រាពាង ជាដើម។

ក្រៅពីពិធីសែននេះ តាមភូមិខ្លះ ឈានដល់ការរុះរើ និងដុតផ្ទះ រួមទាំងទ្រព្យសម្បត្តិនានា ដែលពាក់ព័ន្ឋរបស់ជនរងគ្រោះចោល មិនត្រឹមប៉ុណ្ណោះ បើមានសភាពកាន់តែធ្ងន់ គឺបណ្តេញគ្រួសារសព ចេញពីភូមិតែម្តង។

លោក ជ្រង ធីល បានបញ្ជាក់ថា សូម្បីនៅថ្ងៃកើតហេតុ ពេលសមត្ថកិច្ចចុះទៅត្រួតពិនិត្យស្រាវជ្រាវករណីខាងលើនេះ បានស្នើរសុំដល់អ្នកភូមិជួយសហការ ជូនកម្លាំងជំនាញទៅទីតាំងកើតហេតុ គ្មានអ្នកភូមិណាម្នាក់ចេញជួយយកអាសារនាំផ្លូវទៅឡើយ។

សមត្ថកិច្ចត្រូវថ្មើរជើងតាំងពីល្ងាចថ្ងៃកើតហេតុ រហូតដល់ពាក់កណ្តាលយប់ទម្រាំរកឃើញកន្លែងសាកសពជនរងគ្រោះ ដោយដើរ ក្នុងព្រៃចម្ងាយប្រមាណជិត ១០គីឡូម៉ែត្រ។ រឿងកាន់តែហួសចិត្តទៀតនោះគឺ ក្រោយសមត្ថកិច្ចបញ្ចប់ ភារកិច្ចរបស់ខ្លួន វិលត្រលប់ទៅអង្គភាពវិញ ស្រាប់តែអ្នកភូមិហាមឃាត់មិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងតាមកាត់ផ្លូវក្នុងភូមិទេ ដូច្នេះកម្លាំងទាំងអស់ត្រូវដើរវាងភូមិអស់មួយជុំទើបទៅដល់ផ្លូវធំវិញ។

ចំណែកសភាពផ្ទះ របស់សពជនរងគ្រោះទាំងបួននាក់ សង្កេតឃើញថា មានភាពស្ងាត់ជ្រងំ គ្មានពិធីបុណ្យសព គ្មានសាច់ញាតិជួបជុំរំលែកទុក្ខអ្វីឡើយ។ ហើយអ្នកជិតខាង បានត្រឹមឈរមើលពីចម្ងាយ មិនហ៊ានឆ្លងរបងចូល ក្នុងបរិវេណផ្ទះសពទេ ។ លុះមានការអន្តរាគមន៍ពន្យល់ណែនាំពីអាជ្ញាធរ បន្តិចក្រោយមកគេបានឃើញមានសាច់ញាតិ របស់សព និងមនុស្សជិតដិតខ្លះ បានជួយកាប់ជ្រូកមាន់រៀបចំពិធីសែន តាមបែបបទ របស់ពួកគាត់។

ទោះជាយ៉ាងណា ការលើកឡើងអំពីបញ្ហា សពរបស់ជនរងគ្រោះទាំងបួននាក់ស្លាប់ អាចនាំគ្រោះភ័យដល់អ្នកភូមិ ហើយត្រូវដុតផ្ទះចោល មិនទាន់កើតមានទេ គិតត្រឹមរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ខណៈគេបានឃើញអាជ្ញាធរ កំពុងខិតខំពន្យល់ ណែនាំនិងហាមឃាត់ សកម្មភាពនោះកុំឲ្យកើតមាន។ ហើយអាជ្ញាធរ ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត បើករណីដុតផ្ទះត្រូវបានធ្វើឡើង គេនិងបន្តរកដំណោះស្រាយផ្សេង មកជំនួសការដុតផ្ទះចោល ដោយធ្វើពិធីឧបកិច្ចផ្សេងៗវិញ៕

អត្ថបទដែលជាប់ទាក់ទង