លោក ជាម ច័ន្ទសោភ័ណ ចូលកាន់មុខដំណែង ជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ លោក ជាម ច័ន្ទសោភ័ណ ត្រូវបានប្រកាសចូលកាន់មុខដំណែង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ ជំនួស លោក ស៊ាក ឡេង ដែលជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីប្រកាសនេះ ក្រោមអធិបតីភាព លោក ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស នៅថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤។
លោក ជា សុផារ៉ា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ក្រោមគោលនយោបាយ នៃមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន រួមនឹងថ្នាក់ដឹកនាំកំពូលៗ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាគណបក្ស ដែលធំជាងគេ និងមានប្រជាប្រិយភាពព្រមទាំង មានការគាំទ្រដ៏ច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋ ។ ដូច្នេះ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំថ្មី ត្រូវបង្កើនការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស ឲ្យបានកាន់តែរឹងមាំ ដោយឈរលើមាគ៌ាមហាជន របស់គណបក្ស ទាំងខាងនយោបាយ និងសតិអារម្មណ៍ និងការចាត់តាំងដោយឈរ លើគោលការណ៍ និងត្រូវបន្តការសហការ និងមានទំនាក់ទំនងល្អជាប់ជានិច្ច ជាមួយសមាជិក-សមាជិកា គណបក្សនៅគ្រប់មូលដ្ឋាន ដើម្បីចូលរួមដោះស្រាយនូវបញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងចំគោលដៅ បង្កើនប្រជាប្រិយភាព ឈ្នះដាច់ គ្រប់ការបោះឆ្នោត។
នាឳកាសនោះដែរ លោក ជា សុផារ៉ា ក៏បានក្រើនរំលឹកដល់ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ត្រូវបន្តធ្វើការងារបម្រើប្រជាពលរដ្ឋ ឳ្យបានល្អ និងទាន់ពេលវេលា ក្នុងនោះត្រូវបំបាត់ឳ្យអស់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីធានាបានការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយក្តីសុខសប្បាយ ក្រោមដំបូលសន្តិភាព នៃការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។
ក្រោយទទួលបានការតែងតាំង និងត្រា ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ ក៏បានប្តេជ្ញាចិត្ត បន្តដឹកនាំ រក្សាសាមគ្គីផ្ទៃក្នុងជួរគណបក្ស ឳ្យកាន់តែល្អប្រសើរ ដើម្បីជាកម្លាំងស្នូល ក្នុងការងារទាក់ទាញ់ការគាំទ្រ ឳ្យកាន់តែខ្លាំងខ្លាថែមទៀត ពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕