ដីព្រៃរដ្ឋរាប់ពាន់ហិកតាទទៀត នៅខេត្តមណ្ឌលគិរី ត្រូវគេលួចកាប់រានធ្វើកម្មសិទ្ធិ ដោយខុសច្បាប់
ខេត្តមណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តមណ្ឌលគិរី ដឹកនាំបញ្ជាផ្ទាល់ដោយ លោកព្រះរាជអាអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២០ ខែមីនា បានចុះប្រតិបត្តិការបង្ក្រាបបទល្មើស កាប់ព្រៃទន្ទ្រានយកដីរដ្ឋ យកជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយខុសច្បាប់ មានវិសាលភាពរាប់ពាន់ហិកតា មានទីតាំងស្ថិតនៅមូលដ្ឋាន ឃុំប៊ូស្រា ស្រុកពេជ្រាដា។
យុទ្ធនាការនេះ សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំងដីព្រៃ របស់រដ្ឋ រាប់សិបកន្លែង និងមានទំហំច្រើនពាន់ហិកតា ត្រូវគេអារកាប់ផ្តួលព្រៃឈើរដូករណែល រាបដល់ដី និងដុតឆេះផ្សែងហុយពេញអាកាស ក្នុងរូបភាពអនាធិបតេយ្យបំផុត។ ហើយមិនគួរសមត្ថកិច្ចជំនាញគ្រប់ផ្នែក ធ្វើមិនដឹង ឬទុកបណ្តោយឲ្យបទល្មើសទាំងនេះកើតឡើងមានវិសាលភាពធ្ងន់ធ្ងរបែបនេះនោះទេ។
ប្រភពបញ្ជាក់ថា ទីតាំងដែលកម្លាំងសមត្ថកិច្ចចម្រុះ បានរកឃើញមានបទល្មើសលួចចូលកាប់រានដីព្រៃ ខាងលើនេះ អាចជាវិនាសសកម្មព្រៃឈើ ដ៏ធំមួយនាដើមឆ្នាំ២០២៤ ព្រោះដីព្រៃមួយភាគធំ នៅខេត្តមណ្ឌលគិរី ព្រោះត្រូវរងការកាប់បំផ្លាញ ដុតហ៊ុំព័ទ្ធធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ទាំងនោះ គឺមានវិសាលភាពធំធេង ស្ថិតក្នុងភូមិសាស្ត្រឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ប្រភពបន្តទៀតថា ទីតាំង ដែលមានសកម្មភាពកាប់រានទន្ទ្រាន និងកាន់កាប់ដីរបស់រដ្ឋ ខាងលើនេះ គឺនៅមិនឆ្ងាយពីប្រជុំជន ស្រុកពេជ្រាដា ដែលបណ្តុំទៅដោយស្ថាប័ន កម្លាំងសមត្ថកិច្ចចម្រុះ របស់គណៈបញ្ជាការឯកភាពស្រុកនេះទេ ប៉ុន្តែបែរជា ជនល្មើសអាចធ្វើសកម្មភាពកាប់ និងដុតរានដីព្រៃ របស់រដ្ឋខុសច្បាប់ទាំងនោះ បានដោយរលូនទៅវិញ?។
ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋ មានមន្ទឹលថា ទំនងជាអាចមានការជា់ប់ពាក់ព័ន្ធ នឹងបុគ្គលមានទ្រព្យ ឬអាចមានអំណាចមួយចំនួន ជាអ្នកនៅពីក្រោយសកម្មភាពកាប់រានដីព្រៃ របស់រដ្ឋដោយខុសច្បាប់ទាំងនោះដ៏ថាបានដែរ? ឬអាចហៅម្យ៉ាងទៀតថា «ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន..»។
យ៉ាងណាក៏ដោយចុះ គិតត្រឹមល្ងាចថ្ងៃទី២០ មីនា កម្លាំងចម្រុះ នៅមិនទាន់ដឹង ឬប៉ាន់ប្រមាណអំពីទំហំផ្ទៃដីព្រៃជាក់ស្តែង ដែលត្រូវជនល្មើសកាប់បំផ្លាញទាំងនោះ មានទំហំប៉ុន្មានឲ្យពិតប្រាកដនៅឡើយទេ។
យ៉ាងណា បើយោងតាមការ បញ្ជាក់ពី មន្ត្រីអ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបបទឡ្មើសកាប់រានដីព្រៃរដ្ឋ ខុសច្បាប់ខាងលើនេះ នៅតែអនុវត្តបន្តរាល់ថ្ងៃ រហូតសមត្ថកិច្ច អាចគ្រប់គ្រង សភាពការបទល្មើស នៅចំណុចកើតហេតុទាំងនោះ បានទាំងស្រុង។ ហើយបន្ទាប់មក ទើបបូកសរុបរបាយការណ៍ ដើម្បីឈានទៅមានចំណាត់ការតាមផ្លូវច្បាប់បន្ត ទៅលើអ្នកជាប់ពាក់ព័ន្ធទាំងនោះ។
សមត្ថកិច្ច បញ្ជាក់ថា ដោយសារតែទីតាំងភូមិសាស្ត្រ នៅតំបន់មានការរុករានដីព្រៃពីបុគ្គលល្មើសទាំងនោះ មានសភាពស្មុគស្មាញ និងព្រៃក្រាសពេក ទើបសមត្ថកិច្ច មិនអាចចាប់ឃាត់ខ្លួន អ្នកជាប់ពាក់ព័ន្ធបទល្មើសខាងលើបាន ព្រោះមុនពេល កម្លាំងសមត្ថកិច្ច ចុះទៅដល់ទីតាំងកើតមានបទល្មើសខាងលើ ត្រូវជនល្មើសដឹងខ្លួនមុន រួចរត់គេចខ្លួនអស់គ្មានសល់។
យ៉ាងនេះក្តី យោងតាមប្រភពព័ត៌មានក្រៅផ្លូវការ បញ្ជាក់ថា បរិវេណផ្ទៃដីព្រៃដ៏ធំល្វឹងល្វើយ មានដើមដុះឈើធំៗ ដែលត្រូវក្រុមជនល្មើសចូលទៅកាប់រាន ធ្វើកម្មសិទ្ធខុសច្បាប់ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា គឺផ្ទៃដី ដែលបានកាប់បំផ្លាញ និងដុតរានខុសច្បាប់ទាំងនោះ អាចមានទំហំប្រមាណពីរពាន់ ទៅបីពាន់ហិកតាឯណោះ។
ទោះជាបែបនេះក្តី សមត្ថកិច្ចចម្រុះ បានឲ្យដឹងថា ចំពោះអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ឋ នឹងមិនអាចគេចរួចពីសំណាញ់ច្បាប់បានទេ ត្បិតប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ ទទួលបានការយកចិត្តទុកដាក់ជាខ្លាំង ពី លោកអភិបាលខេត្តមណ្ឌលគិរី ដោយបានចេញបទបញ្ជារ ឲ្យចាប់ខ្លួនជនសង្ស័យ និងប្រមូលផ្តុំរាល់វត្ថុតាង ទាក់ទងបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋទាំងនោះ ដើម្បីឈានទៅរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តនីតិវិធីតាមច្បាប់ ឲ្យខាងតែបាន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកដោយ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានសហការជាមួយ មន្ត្រីរដ្ឋបាលសាលាខេត្ត , មន្ត្រីមន្ទីរបរិស្ថានខេត្ត , កម្លាំងនគរបាលស្នងការខេត្ត និងគណៈបញ្ជាការឯកភាពស្រុកពេជ្រា ដោយមានការសម្របសម្រួលនីតិវិធីពី លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ (កាប់រានដីព្រៃ) ក្នុងដែនជម្រកសត្វព្រៃណាំលៀរ ស្ថិតនៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា បានឃាត់ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ មុំ ដារ៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
ចំពោះវត្ថុតាងចាប់យកមាន ៖ ទូរស័ព្ទដៃម៉ាក ០១គ្រឿង, ផ្លែឡាមរណាយន្ត ០១ និងកូនសៀវភៅ ០១ក្បាល។
បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី កំពុងសាកសួរជនសង្ស័យ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ បន្តតាមនីតិវិធី៕ ដោយ៖ តាស្រុះ