មន្ត្រីជំនាញខេត្តព្រះសីហនុ ចុះស្រង់ស្ថិតិ ពលរដ្ឋរស់នៅលើដីជាក់ស្តែង តំបន់អូរដំរី ដើម្បីដោះស្រាយជម្លោះ
ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះស្រង់ស្ថិតិ ប្រជាពលរដ្ឋ កំពុងរស់នៅលើដីជាក់ស្តែង ឬជាម្ចាស់ដី
រស់នៅតំបន់អូរដំរី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុ។
សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុស្ដី អំពីការចុះយោងតាមសេចក្តីសម្រេចលេខ ០៨៩/២៣សសរ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ តាមស្មារតីអង្គប្រជុំ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតបង្គាប់ការ ចាត់ឲ្យ លោក ចេន រ៉េត នាយករងរដ្ឋបាលខេត្តព្រះសីហនុ ជាប្រធាន និងលោក សេង សុខណាក់ អនុប្រធានម្ទីររៀបចំដែនដី ខេត្កព្រះសីហនុ ជាអនុប្រធាន ដឹកនាំក្រុមការងារជំនាញចម្រុះ ដើម្បីចុះស្រង់ស្ថិតិ ពលរដ្ឋរស់នៅលើដីជាក់ស្តែង និងស្រង់ស្ថិតិ តាមការចង្អុល បង្ហាញព្រំដី ដោយភាគីពាក់ព័ន្ធ ដែលអះអាងថាជាម្ចាស់ដី ស្ថិតនៅ តំបន់អូរដីរី។
ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឲ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំង ត្រូវរក្សាភាពដើម នៃរូបភាពកាន់កាប់ដី និងត្រូវចូលរួមផ្តល់ កិច្ចសហការជា មួយក្រុមការងារ របស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីងាយស្រួលក្រុមការងារធ្វើការបានរហ័ស ។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសូមអំពាវនាវដល់ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ មិនត្រូវសាងសង់សំណង់ ឫឈូសឆាយ ធ្វើការអភិវឌ្ឍន៍ដី នៅតំបន់អូរដំរី ភូមិ៣ សង្កាត់ លេខ១ ជាដាច់ខាត ក្នុងអំឡុងពេលក្រុមការងាររដ្ឋបាលខេត្ត ចុះទៅអនុវត្តការងារ រហូតដល់ដីទំនាស់ នៅតំបន់អូរដីរី ត្រូវបានដោះស្រាយបញ្ចប់៕