គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក នឹងជួបប្រជុំរយៈពេល២ថ្ងៃ
ខេត្តសៀមរាប ៖ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
កិច្ចប្រជុំបច្ចេកទេសលើកទី៣៨នេះ នឹងដឹកនាំដោយ លោក TANINAI Ichitomo ជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងលោក Pierre VINCENT ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌ របស់ស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៨នេះ ក្រុមអ្នកជំនាញអន្តរជាតិ នឹងពិនិត្យទៅលើការងារមួយចំនួន នៅតាមការដ្ឋាន ការងារជាតិ និងអន្តរជាតិ ដែលកំពុងតែដំណើរការ ក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញអន្តរជាតិ ក៏នឹងធ្វើការតាមដាន និងផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗ បន្ថែមទៀត ដើម្បីឱ្យតាមការដ្ឋាន យកទៅអនុវត្តន៍ស្របតាមកិច្ចការ ដែលកំពុងតែបំពេញនោះ។
ចំណែក នៅថ្ងៃទី១៥ ខែមីនា សម័យប្រជុំពេញអង្គលើកទី៣០ នឹងដឹកនាំដោយ លោក Jacque PELLET ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំង និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ប្រធានបទសំខាន់ នៃសម័យប្រជុំពេញអង្គលើកទី៣០ នឹងពិភាក្សាទៅលើសេចក្តីប្រកាសរួម របស់អន្តររដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការ របស់អង្គការ UNESCO ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ស្ដីពី រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក។
កិច្ចប្រជុំពេញអង្គនេះ ក៏នឹងពិភាក្សា ព្រមទាំងពិនិត្យទៅលើគម្រោងថ្មីៗរបស់កិច្ចការអភិរក្ស ការងារអភិវឌ្ឍន៍ កិច្ចការស្រាវជ្រាវ ការងារបុរាណវិទ្យា បណ្ដុះបណ្ដាល ព្រមទាំងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជា សំបូរព្រៃគុកដែរ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ រដ្ឋ ផល្លីន/ហាប់ គឹមអាន/ភោគ ជា