សមត្ថកិច្ចចម្រុះខេត្តរតនគិរី ចាប់ខ្លួនជនជាតិវៀតណាម២៦​នាក់ លួចជីករ៉ែមាស នៅតំបន់កន្ទុយនាគ

ខេត្តរតនគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះឃាត់ខ្លួន ជនជាតិវៀតណាម មួយក្រុមមានគ្នា​ ២៦​នាក់ ចូលលួចជីករ៉ែមាស ដោយខុសច្បាប់ នៅតំបន់កន្ទុយនាគ ដែល​លាតសន្ធឹង​ក្នុងស្រុក​អណ្តូង​មាស និង​ស្រុក​តា​វែង។

ប្រតិបត្តិការនោះ កម្លាំង​ចម្រុះ​ខេត្ត​រតនគិរី​ បានបង្ក្រាប​និង​ឃាត់ខ្លួន​រួម​ទាំង​សម្ភារៈ​ជា​ឧបករណ៍ និង​គ្រឿង​ចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ ជា​ច្រើន​គ្រឿង​ ផង​ដែរ។

ប្រតិបត្តិការ​ ដឹកនាំ​ដោយ​ លោក ម៉ា វិចិត្រ អភិបាលរង​ខេត្ដរតនគិរី និង​សម្របសម្រួល​នីតិវិធី​ដោយ​​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្ត​រតនគិរី កាលពីថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៤។

​កម្លាំងប្រដាប់អាវុធ​ទាំង​ ៣​ប្រភេទ រួម​មាន​មន្ត្រី​ឧទ្យាន​ជាតិ មន្ត្រី​រ៉ែ​ និង​ថាមពល​ខេត្ត មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត អភិបាលស្រុក​តា​វែង​ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ក៏បានចូលរួមដែរ ដោយ​ប្រើ​រយៈពេល​ ៣​ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ទី​៧ ដល់ទី១០ ខែមីនា ទើប​ប្រតិបត្តិការ​នេះ​ បាន​បញ្ចប់​ដោយ​ជោគជ័យ។

បច្ចុប្បន្ន ជនជាតិ​វៀតណាម​ទាំង​ ២៦​នាក់ ដែលត្រូវ​បាន​កម្លាំង​ចម្រុះ​ចាប់ខ្លួន ​បាន​នាំយកទៅកាន់​អធិការដ្ឋាន​​នគរបាល​ស្រុក​អណ្ដូង​មាស ជាបណ្តោះអាសន្ន ដើម្បី​សាកសួរ​ និង​ឈានទៅកសាង​សំណុំរឿង​ បញ្ជូន​​ទៅ​កាន់​សាលាដំបូង​ខេត្តរតនគិរី បន្តនីតិវិធី។

ចំណែក គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ ចំនួន​៤​គ្រឿង ដែល​បម្រើ​ឲ្យ​ជាមធ្យោ​បាយ​​ប្រព្រឹត្ត​បទល្មើស​ ជីក​យក​រ៉ែ​មាស​ ខុសច្បាប់​ បាន​រក្សា​ទុក​នៅ​នឹង​កន្លែង​កើតហេតុ ​ដដែល​សិន។

ទាក់ទិនបញ្ហានេះ មន្ត្រី​ជំនាញស្ថាប័នពាក់ព័ន្ធ​មួយ​ចំនួន បានបដិសេធន៍មិនបំភ្លឺ​ជុំវិញ​ការឃាត់ខ្លួន​ជនអន្តោប្រវេសន៍​វៀតណាម​ ខុសច្បាប់​ទាំង​២៦​នាក់​ខាងលើទេ ដោយគ្រាន់តែបញ្ជាក់​ខ្លីថា​ កំពុងបន្តស្រាវជ្រាវ។ ហើយគិតត្រឹម​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០២៤នេះ មិន​ទាន់​មានការ​ប្រកាស​ព័ត៌មាន​ណាមួយពូ ​ក្រសួង​រ៉ែ និង​ថាមពល​ នៅឡើយ​ទេ ទាក់ទងករណីខាងលើនេះ៕ ប្រភព fb : Reth Mony

អត្ថបទដែលជាប់ទាក់ទង