មន្ត្រីជំនាញ រកឃេីញទីតាំងជនល្មើស ចូលទន្ទ្រានរំលោភយកដីរដ្ឋ ធ្វេីកម្មសិទ្ធិដោយខុសច្បាប់ ចំនួន២ទីតាំងនៅស្រុកអូររាំង​

ខេត្តមណ្ឌលគិរី ៖ មន្ត្រីរដ្ឋបាលព្រៃឈេី ខេត្តមណ្ឌលគិរី បាន​រកឃេីញទីតាំង ដែលជនអនាធិបតេយ្យចូលកាប់ទន្ទ្រានរំលោភយកដីរដ្ឋ ធ្វេីជាកម្មសិទ្ធិដោយខុសច្បាប់ចំនួន ០២ទីតាំង ស្ថិតនៅស្រុកអូររាំង​ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

តាមរបាយការណ៍របស់មន្ត្រីជំនាញ ឲ្យដឹងថា​ ក្រុមការងារ របស់ខ័ណ្ឌរដ្ឋបាលព្រៃ ដឹកនាំដោយ​ លោក​ សារូ រតនា​ នាយរងខ័ណ្ឌរដ្ឋបាលព្រៃឈេីខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យ​ ករណីលួចបោះបង្គោលហ៊ុមព័ទ្ធ រានយកដីចម្ការស្រល់ របស់រដ្ឋ ធ្វើជាកម្មសិទ្ធិ ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និង​រួចហើយ។​

ជាលទ្ធផល ក្រុមការងារ បានរកឃេីញទីតាំងចំនួន០២ ដែលត្រូវបានគេហ៊ុំព័ទ្ធ ដាក់បង្គោល​ រានយកដីរដ្ឋ ដោយខុសច្បាប់។ ទីតាំងទី១ (ដីនៅក្បែរទំនប់ទឹក) គឺក្រុមការងារ បានសម្រេចដកបង្គោលរបង បានចំនួន ៨៩ បង្គោល, រុះរើលួសបន្លាបានចំនួន ១៦០ដើម លើផ្ទៃដីហ៊ុមព័ទ្ធមានចំនួន ៣៧៣៥ ម៉ែត្រក្រឡា។

ចំណែកទីតាំងទី២ គឺស្ថិតនៅ (តំបន់ដី ៤៧២ហិកតា) ដោយបានដកបង្គោលបានចំនួន ៨០បង្គោល ហើយប្រវែងដីដែលបានដកបង្គោលនោះមានបណ្តោយ ៧១៥ម៉ែត្រ។​

មន្ត្រីជំនាញ បញ្ជាក់ថា ចំពោះសកម្មភាពការងារ ចុះដកបង្គោលនៅទីតាំងទី២ គឺមិនទាន់បញ្ចប់នៅឡើយទេ ដោយក្រុមការងារខាងលើ នឹងបន្តសកម្មភាព នៅព្រឹកថ្ងៃទី១២ ​ខែមីនា ឆ្នាំ២០២៤ បន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង