កម្មករជំនាញរីករាយ បានចូលរួមជួសជុលប្រាសាទភ្នំបាខែង ជាមួយ អង្គការមូលនិធិប្រាសាទពិភពលោក

 

 

ខេត្តសៀមរាប ៖ កម្មករជំនាញជួសជុលប្រាសាទជាច្រើនរូប ដែលអាជ្ញាធរជាតិអប្សរា ផ្តល់ឱ្យទៅចូលរួម ជួសជុលប្រាសាទភ្នំបាខែង ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) បានបង្ហាញការសប្បាយចិត្ត នៅក្នុងកន្លែងការងារថ្មី។

អ្នកភូមិស្រះស្រង់ខាងត្បូង លោក សូ នៅ មានអាយុ ៥៤ឆ្នាំ ដែលមានជំនាញផ្នែកដាប់ ឆ្លាក់ និងរៀបថ្មអស់រយៈពេលជាង ១០ឆ្នាំ នៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរា កន្លងមកហើយ មានប្រសាសន៍ថា រូបលោកសប្បាយចិត្ត និងធ្វើការងារជួសជុលប្រាសាទបុរាណភ្នំបាខែង ទោះបីជា លោកត្រូវឡើងចុះភ្នំខុសពីការងារ ដែលធ្លាប់ធ្វើក៏ដោយ។ លោកបន្តថា នៅការដ្ឋានជួសជុលប្រាសាទលើភ្នំបាខែង គឺក្រុមការងារបានទទួលស្វាគមន៍រូបលោក យ៉ាងកក់ក្ដៅ។ ចំណែក ការងារក៏បំពេញទៅតាមជំនាញ របស់ខ្លួន កន្លងមក ដែលមិនមានការលំបាកអ្វីនោះឡើយ។

ដូចគ្នានេះដែរ លោក សុខ សាវ៉េត ជាអ្នកភូមិស្រះស្រង់ខាងត្បូងម្នាក់ទៀត ដែលបានបម្រើការងារជួសជុលប្រាសាទតាំងពីឆ្នាំ២០០៤ បានឱ្យដឹងដែរថា ការងារជួសជុលប្រាសាទភ្នំបាខែង មិនសូវខុសគ្នាពីការជួសជុលប្រាសាទបុរាណដទៃទៀតឡើយ។ លោក សាវ៉េត បញ្ជាក់ថា ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី ក្រុមការងារប្រចាំនៅការដ្ឋានលើភ្នំបាខែង គឺមានភាពស្និទ្ធស្នាល និងចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជួសជុលអភិរក្សប្រាសាទភ្នំបាខែង បានកាន់តែប្រសើរឡើង។

ត្រង់ចំណុចនេះ លោក សូ នៅ និងលោក សុខ សាវ៉េត បានថ្លែងអំណរគុណដល់ អាជ្ញាធរជាតិអប្សរា ដែលផ្តល់ទំនុកចិត្ត និងផ្តល់ឱកាស សម្រាប់រូបលោក ក៏ដូចជា ក្រុមការងារទៅជួសជុលប្រាសាទភ្នំបាខែង និងជាលើកទី១ ដែលរូបលោក និងក្រុមការងារបានទៅជួសជុលនៅភ្នំបាខែង។ ពិសេស អង្គការមូលនិធិប្រាសាទពិភពលោក បានស្វាគមន៍យ៉ាងកក់ក្ដៅ គួរឱ្យមោទនភាព៕

អត្ថបទ: លោក យី សុថា

រូបភាព: លោក ភោគ ជា

អត្ថបទដែលជាប់ទាក់ទង