​អ្នកសារព័ត៌មាន​ ​MSJ TV​ ប្រចាំខេត្តព្រះសីហនុ បន្ត​ប្តឹងទៅតុលាការកំពូល ​លើសំណុំរឿងឈ្មួញដី​ ប្រើអំពើហិង្សា និង​បំផ្លាញសម្ភារៈ

ខេត្តព្រះសីហនុ ៖ អ្នកយកព័ត៌មានម្នាក់ បំរើការងារឲ្យទូរទស្សន៍អនឡាញ អឹម អេស ជេ ធីវី (MSJ TV) ប្រចាំខេត្តព្រះសីហនុ បានបន្តដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដើម្បីជួយរកយុត្តិធ៌មជាបន្តទៀត ខណៈការជម្រះក្តី និងការប្រកាសសាលាក្រម របស់សាលាឧទ្ទណ៍ ខេត្តព្រះសីហនុ នាំឱ្យរូបគាត់ខកចិត្ត និងគ្មានយុត្តិធម៌សម្រាប់រូបលោក។ សំណុំរឿងនេះ ជនរងគ្រោះ ក៏ស្នើដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ ជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ផងដែរ។

​លោក ដួង ច័ន្ទបូរិទ្ធ អ្នកយកព័ត៌មានទូរទស្សន៍អនឡាញ អឹម អេស ជេ បានចាត់ទុក សាលក្រម របស់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ដែលបានបើកអង្គជំនុំជម្រះកំបាំងមុខ លើសំណុំរឿងព្រហ្មទណ្ឌលេខ​៤២៥ ដែលមានរូបលោកជាជនរងគ្រោះ គឺគ្មានភាព​យុត្តិធម៌ និងមិនអាចទទួលយកបានឡើយ។ ហើយថា ករណីនេះ រូបលោក ក៏បានសម្រេចដាក់ពាក្យបណ្តឹងបន្ត ទៅកាន់តុលាការកំពូល កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ដើម្បីឱ្យជួយរកយុត្តិធម៌ជាបន្តទៀត។

ទន្ទឹមគ្នានេះ លោក ដួង ច័ន្ទបូរិទ្ធ ​ក៏បានសំណូមពរដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា និង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍លើសំណុំរឿង របស់លោកផងដែរ។

លោក ដួង ច័ន្ទបូរិទ្ធ ​ផ្តល់សម្ភាសន៍ឱ្យគេហទំព័រ «កម្ពុជាថ្ងៃនេះ» ដឹងនៅថ្ងៃព្រហស្បត្តិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​ថា​ ​​សំណុំរឿងព្រហ្មទណ្ឌលេខ​៤២៥ របស់លោក គឺត្រូវបានសាលាឧទ្ធរណ៍ ​លើកយកជំនុំជម្រះដោយកំបាំងមុខ​ និង​មិនបានជូនដំណឹង​ដល់រូបលោក ជាដើមបណ្តឹង និងជាជនរងគ្រោះ​ទេ។

លោកបន្តថា អំពើហិង្សានេះ បានកើតឡើងកាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទីល្ងាច ​​នៅ​ភូមិ៥ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ​បច្ចុប្បន្នស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ​ប្រព្រឹត្តដោយស្ត្រីឈ្មួញរកស៊ីដី​ ឈ្មោះ ជា សុខឡេង និងកូនប្រុសឈ្មោះ គឹម រដ្ឋធី ដោយបានប្រើហិង្សា និងបោកបំផ្លាញសម្ភារៈ របស់ លោក​ក្នុងអំឡុងពេល​ ចុះយកព័ត៌មានទាក់ទងវិវាទដីធ្លី នៅតំបន់​នោះ។

លោក ដួង ច័ន្ទបូរិទ្ធ បានឱ្យដឹងបន្តទៀតថា ក្រោយកើតហេតុ រូបលោកបានទៅដាក់ពាក្យបណ្ដឹង នៅស្នងការដ្ឋាននគរបាលខេត្តសីហនុ ហើយសំណុំរឿងនេះ ក៏ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែសីហា។ ហើយក្រោយមក ក៏ត្រូវសាលាដំបូង លើកយកមកជំនុំជម្រះ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​សាលាដំបូងខេត្តព្រះសីហនុ សម្រេចឲ្យភាគីជនបង្ក ឈ្មោះ ជា  សុខឡេង សងជំងឺចិត្ត ដល់រូបលោកជាជនរងគ្រោះ ជាទឹកប្រាក់ចំនួន ១លានរៀល ប៉ុន្តែដោយសារតែរូបលោក មិនពេញចិត្តចំពោះការសម្រេចអង្គសេចក្តី របស់​សាលាដំបូងខេត្តព្រះសីហនុ ​ក៏បានដាក់បណ្តឹងសាលាឧទ្ធរណ៍ ឱ្យជួយរកយុត្តិធម៌បន្តទៀត។

យោងតាមសាលក្រម របស់សាលាដំបូងខេត្តព្រះសីហនុ ​មានខ្លឹមសារ ក្នុងសេចក្តីសម្រេចថា៖

១- ផ្តន្ទាទោសលើ ជនជាប់ចោទឈ្មោះ ជា សុខឡេង ភេទស្រី (មានសាវតាជាតិដូចខាងលើ) ដាក់​ទោសពិន័យជាប្រាក់ចំនួន ១០០.០០០ (មួយសែន) រៀល ពីបទ៖ «ហិង្សាស្រាល» ប្រព្រឹត្តនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា ២២៨ នៃក្រមព្រហ្មទណ្ឌ ។

២- បង្គាប់ឲ្យឈ្មោះ ជា សុខឡេង សងសំណងចំនួន ១.០០០.០០០ (មួយលាន) រៀល ទៅឲ្យដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ ដួង ចន្ទ័បូរិទ្ធ។ ការទាមទារលើសពីនេះត្រូវច្រានចោល។

សាលក្រមនេះ បានជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណី កំបាំងមុខជនជាប់ចោទ ទុកសិទ្ធិប្ដឹងទាស់ និងប្តឹងឧទ្ធរណ៍​តាមកំណត់ច្បាប់។

លោក ដួង ច័ន្ទបូរិទ្ធ បញ្ជាក់បន្ថែម​ថា​ ក្រោយពីបានដាក់ពាក្យប្តឹងសុំអន្តរគមន៍ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌  ដើម្បីជួយអន្តរាគមន៍បន្តដល់រូបគាត់។ ទើបនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤​ លោកបានទៅកាន់​សាលាឧទ្ធរណ៍ ខេត្តព្រះសីហនុ ដើម្បីជួបក្រឡាបញ្ជីឈ្មោះ ណូត ណាវុន ដើម្បីសួរនាំលើសំណុំរឿង របស់លោក ហើយត្រូវបាន​លោកក្រឡាបញ្ជីរូបនេះ ​បញ្ជាក់ថា ​សំណុំរឿងរបស់លោក បានចេញសាលដីកា​ តាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ មកម៉្លេះ។

ត្រង់ចំណុចនេះ លោក ដួង ច័ន្ទបូរិទ្ធ បានបង្ហាញអារម្មណ៍ហួសចិត្ត​ និងលើកជាចម្ងល់ថា ហេតុអ្វី​ សំណុំរឿង ដែលដាក់ប្ដឹងមកសាលាឧទ្ធរណ៍តាំងពីឆ្នាំ២០២០ រហូតមកដល់ឆ្នាំ២០២៤ មិនធ្លាប់មានមន្ត្រីបំរើការងារ នៅសាលាឧទ្ធរណ៍ ហៅ ឬក៏ផ្ដល់ព័ត៌មានមករូបលោកម្តងណាទេ? វាជារឿង​អយុត្តិធម៌ពេកហើយ..?

លោកបន្តថា ក្រោយមក លោក ណូត ណាវុន ក្រឡាបញ្ជី សាលាឧទ្ទរណ៍ ក៏បានប្រគល់សាលដីកា ជូនមករូបលោក និងបានទុកសិទ្ធិ ឲ្យប្ដឹងឡើងទៅតុលាការកំពូលជាបន្តទៀត។​

គួររំលឹកថា ​សវនាការសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកយកទម្រង់បណ្ដឹងឧទ្ធរណ៍​មកបញ្ជាក់ថា​ តំណាងមហាអយ្យការធ្វើសេចក្តីសន្និដ្ឋាន​ «ក្នុងរឿងនេះ ដើមបណ្ដឹង បានប្ដឹងឧទ្ធរណ៍​លើសាល​ក្រមទាំងមូល គឺពុំមានលក្ខណៈត្រឹមត្រូវនោះទេ ដោយសារតែដើមបណ្តឹងរដ្ឋប្បវេណី មានសិទ្ធិប្ដឹងឧទ្ធរណ៍​តែនៅ​លើសំណងរដ្ឋប្បវេណីតែប៉ុណ្ណោះ​»

សាលក្រមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថា​ សំអាងហេតុបណ្ដឹងឧទ្ធរណ៍លេខ ១៨១ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ដួង ចន្ទ័បូរិទ្ធ ប្តឹងឧទ្ធរណ៍ នឹងសាលក្រមលេខ ១១៤៥/​១៤៥-ខ” ចុះថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់សាលាដំបូង​ខេត្តព្រះសីហនុ ត្រង់ចំណុចទាំងមូល នៃសេចក្តីសម្រេច បានធ្វើនៅក្នុងលក្ខខណ្ឌមិនត្រឹមត្រូវនោះទេ (ខុសទម្រង់ច្បាប់) សភាព្រហ្មទណ្ឌ គប្បីប្រកាសថា បណ្ដឹងឧទ្ធរណ៍ មិនអាចទទួលយកបាន យោងតាមមាត្រា ៤០៤ នៃក្រមនីតិ វិធីព្រហ្មទណ្ឌ។

ហេតុដូច្នេះ វិនិច្ឆយ័សេចក្តី៖ ១-ប្រកាសថាបណ្ដឹងឧទ្ធរណ៍លេខ ១៨១ ចុះថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ របស់ឈ្មោះ ដួង ច័ន្ទបូរិទ្ធ ជាបណ្តឹងរដ្ឋប្បវេណី មិនអាចទទួលយកបាន​។

២-សាលដីកានេះ ជំនុំជម្រះជាសាធារណៈ នាថ្ងៃទី១២ ខែមករា ឆ្នាំ​២០២២ និងប្រកាសជាសាធារណៈ នៅសាលសវនាការ នៃសាលាឧទ្ធរណ៍ព្រះសីហនុ នាថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃ​ទី១៨ ខែមករា ឆ្នាំ២០២២​។

យ៉ាងណាក៏ដោយចុះ លោក ដួង ច័ន្ទបូរិទ្ធ អ្នកយកព័ត៌មាន​ឲ្យទូរទស្សន៍អនឡាញ អឹម អេស ជេ ធីវី (MSJ TV) ប្រចាំខេត្តព្រះសីហនុ ក៏បានសំណូមពរដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា និង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌  ស្នើជួយពន្លឿន​ដោះស្រាយ និងរកយុត្តិធម៌ ជូនរូបលោកដោយក្តីអនុគ្រោះផងចុះ៕

អត្ថបទដែលជាប់ទាក់ទង