អតីតអ្នកបួសម្នាក់ រស់នៅតំបន់អង្គរ បង្រៀនយុវជនខ្មែរ ឱ្យចេះចារសាស្ត្រាស្លឹករឹត
ខេត្តព្រះសីហនុ ៖ ជាអ្នករស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ លោក ព្រាន ជ្រូក មានទីលំនៅក្នុងភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានយកទីតាំងផ្ទះ របស់គាត់ សម្រាប់ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរ ជំនាន់ក្រោយ ឱ្យចេះជំនាញចារគម្ពីរសាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌ និងសិល្បៈមួយនេះ ឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅថ្ងៃអនាគតទៀត។
មានអាយុ ២៧ឆ្នាំ លោក ព្រាន ជ្រូក បានឱ្យដឹងថា រូបលោក បានចេះជំនាញចារសាស្ត្រាស្លឹករឹតនេះ ក្នុងពេលបួស និងរៀននៅវត្ត (នាមរូប) ក្នុងស្រុកពួក។ ហ៊យបច្ចុប្បន្ននេះ រូបលោក កំពុងប្រឹងប្រែងបង្ហាត់បង្រៀនចារសាស្ត្រាស្លឹករឹត ដល់យុវជន យុវតី នៅក្នុងភូមិដោយឥតគិតថ្លៃ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ និងស្គាល់ពីតម្លៃរបស់សាស្ត្រា ដែលបុព្វបុរសខ្មែរ បានប្រើប្រាស់ ចារជាគម្ពីរ ប្រវត្តិសាស្ត្រ និងក្បួនច្បាប់ផ្សេងៗជាច្រើន ជាយូរលង់មកហើយ។
លោកបន្តថា ចំពោះការខិតខំបង្រៀន នូវជំនាញចារសាស្ត្រាស្លឹករឹត ដល់យុវជនខ្មែរជំនាន់ក្រោយនេះ គឺគ្មានអ្វីក្រៅអំពីចង់ចែករំលែកអភិរក្សជំនាញនេះ ជូនដល់ក្រុមយុវជន ឱ្យមានចំណេះបន្ត ដោយសារតែបច្ចុប្បន្ន ជំនាញចារសាស្ត្រាស្លឹករឹត បានបាត់បង់ជាបណ្តើរៗ ស្ទើរតែទាំងស្រុងទៅហើយ នៅក្នុងសង្គមខ្មែរសម័យថ្មីនេះ។
លោក ព្រាន ជ្រូក ឱ្យដឹងដូច្នេះ រួចបញ្ជាក់បន្ថែមថា ជំនាញចារសាស្ត្រាស្លឹករឹត គឺត្រូវមានចិត្តអត់ធ្មត់ ធ្វើអារម្មណ៍យើងឱ្យនឹង ស្រលាញ់ និង ផ្តោតការយកចិត្តទុកដាក់ខ្លាំង។ ដូច្នេះអ្នក ដែលចង់សិក្សារៀនសូត្រ ពីជំនាញចារសាស្ត្រាស្លឹករឹត ទាល់តែមានចិត្តស្រលាញ់ ចង់ចេះ ចង់ដឹងច្បាស់លាស់ទើបអាចធ្វើបាន។
បច្ចុប្បន្ននេះ មានយុវតីនិងយុវជនចំនួន ៥ ទៅ ៦នាក់ប៉ុណ្ណោះ ដែលចាប់អារម្មណ៍ និងជំនាញចារសាស្ត្រាស្លឹករឹតនេះនៅក្នុងចំណោមយុវជនជាច្រើន។ រាល់ថ្ងៃនេះ នៅក្នុងភូមិត្នោតជ្រុំ ក៏មានអ្នកចេះចារសាស្ត្រាស្លឹករឹត ២ទៅ៣នាក់ដែរ ហើយសុទ្ធតែអ្នកធ្លាប់បួសរៀន នៅវត្តដូចគ្នា៕ អត្ថបទ៖ លោក យី សុថា / រូបភាព៖ លោក ភោគ ជា