កម្លាំងចម្រុះខេត្តមណ្ឌលគិរី ចុះពិនិត្យបទល្មើស​ព្រៃឈើ និង​​កាប់​ទន្រ្ទានព្រៃ ​នៅស្រុកកែវសីមា

ខេត្តមណ្ឌលគិរី ៖​​ បន្ទាប់ពីមាន សារព័ត៌មានមួយចំនួន បានចុះផ្សាយ ថាមានបទល្មើស​ដាក់តាបជ្រៀកឈើ និង​មានការកាប់រុករានទន្រ្ទានព្រៃ នៅក្នុងស្រែឈូក ស្រុកកែវសីមា រួចមក កម្លាំងលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពស្រុកកែវសីមា សហការជាមួយ កម្លាំង​កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី – នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត – មូលដ្ឋានកងរាជអាវុធស្រុក នាយផ្នែករដ្ឋបាលព្រៃឈើ កែវសីមា និងប៉ុស្តិ៍រដ្ឋបាលឃុំស្រែឈូក បានចុះពិនិត្យស្រាវជ្រាវដល់ទីតាំង ដែល​សារព័ត៌មានចុះផ្សាយ ហើយបានរកឃើញ​មានករណី​លួចលាក់ដាក់តាបជ្រៀកឈើ ​ខ្នាតតូចពិតមែន​​។

ក្រុមការងារ បានបញ្ជាក់ថា តាមការចុះពិនិត្យជាក់ស្តែង ​បានរកឃើញថា ពិតជាមានករណី​លួចលាក់ដាក់តាបជ្រៀកឈើ ខ្នាតតូចពិតមែន ស្ថិតនៅភូមិព្រះ ឃុំស្រែឈូក ក្នុងក្រុមហ៊ុន ភេសុីភិច វីថឺរី ត្រង់លេខនិយាមកា 48N 658186 E 1379438 N ក្បែរព្រំប្រទល់ក្រចេះ-មណ្ឌលគិរី ហើយវត្ថុតាងសម្រួលបទល្មើស ត្រូវបានរុះរើមុនក្រុមការងារ បានចុះទៅដល់ទីតាំងកើតហេតុ។

បន្ទាប់មកទៀត ក្រុមការងារដដែលនេះ ក៏បានចុះទៅដល់ទីតាំង ដែលអ្នកសារព័ត៌មាន បានរាយការណ៍អំពីសកម្មភាព​ កាប់រុករានទន្រ្ទានដីព្រៃ ត្រង់លេខនិយាមកា 48 N 657286 E 1385145 N ដោយទីតាំងនោះ ស្តិតក្នុងក្រុមហ៊ុន ភេសុីភិក វីថឺរី នៃភូមិសាស្រ្តភូមិពូទុង ឃុំចុងផ្លាស់។

ជាលទ្ធផល នៃការចុះពិនិត្យជាក់ស្តែង ទីតាំងខាងលើ មានការលួចកាប់ឈើ ដើម្បីធ្វើជាអុស និងមិនមានការកាប់រានដីព្រៃ នោះទេ៕

អត្ថបទដែលជាប់ទាក់ទង