តំបន់ប្រវត្តិសាស្ត្រពោធិ៍ ទុំ ទាវ ហាក់ត្រូវបំភ្លេច ដោយអាជ្ញាធរពាក់ព័ន្ធក្នុង ខេត្តត្បូងឃ្មុំ មិនបានកែប្រែតំបន់មួយនេះ ឳ្យមានភាពទាក់ទាញឡើយ
ខេត្តត្បូងឃ្មុំ ៖ តំបន់ប្រវត្តិសាស្រ្ត ពោធិ៍ទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានទុកចោល ដោយអាជ្ញាធរខេត្ត មិនបានកែប្រែតំបន់មួយនេះ ឳ្យក្លាយជាតំបន់ទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកទស្សនា កម្សាន្ត ដូចអ្វីដែលបានសន្យាកាល អំឡុង ខែមិថុនា ឆ្នាំ២០២២ ឡើយ។
កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ ដើមពោធិ៍មួយដើម (ដើមពោធិ៍អ្នកតាក្រហមក) ដែលស្ថិតនៅតំបន់ប្រវត្តិសាស្ត្រ ទុំ ទាវ ត្រូវបានដួលរលំដោយខ្យល់កន្រ្តាក់។ ក្រោយការដួលរលំភ្លាមៗ ធ្វើឳ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងនោះអាជ្ញាធរខេត្ត បានចុះមកពិនិត្យ និងបានស្ទូចដើមពោធិ៍នោះដាំឡើងវិញ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានសន្យា កែប្រែបន្តអភិរក្សតំបន់់នេះឳ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ។ ប៉ុន្តែរហូតមកដល់ពេលនេះគេនៅមិនទាន់ឃើញ អាជ្ញាខេត្តត្បូងឃ្មុំ ពិសេស លោក ជាម ច័ន្ទសោភ័ណ ចាត់ក្រុមការងារមករៀបចំនៅឡើយទេ ដោយទុកតំបន់នោះចោល សូម្បីតែផ្លូវចូលពីផ្លូវជាតិ លេខ៧ ទៅតំបន់ដើមពោធិ៍ ដែលមានចំណាយប្រម៉ាណជាង ១០០ ម៉ែត្រ ក៏មិនបានជួសជុល សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ឡើយ។
លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានឳ្យដឹងថា មូលហេតុដែលយ៉ឺតយ៉ាវ ដោយសារពេលវាសវែងធ្វើរបងប៉ះពាល់ដល់ដីប្រជាពលរដ្ឋ នៅជាប់នោះ ត្រូវសម្របសម្រួលដោះស្រាយសិន ខណៈការងារនេះ គឺខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកទទួលខុសត្រូវ។
ជុំវិញបញ្ហានេះ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក គួ ហុក ប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈបានទេ ដោយលោកទទួលទូរស័ព្ទហើយនិយាយថា កំពុងជាប់រវល់ ៕