ភ្ញៀវទេសចរទៅកម្សាន្តឆ្លងឆ្នាំសកល ក្នុងខេត្តមណ្ឌលគិរី នាំយកកូនឈើ៥០០ដើម ដាំក្នុងបរិវេណអនុវិទ្យាល័យដាក់ដាំ
ខេត្តមណ្ឌលគិរី ៖ អ្នកទេសចរ ដែលមកកម្សាន្តខេត្តមណ្ឌលគិរី នាឱកាសបុណ្យឆ្លងឆ្នាំសកល២០២៣~២០២៤ បានប្រមូលផ្ដុំគ្នារាប់រយនាក់ ដើម្បីចូលរួមដាំកូនឈើប្រមាណ ៥០០ដើម ក្នុងបរិវេណសាលាអនុវិទ្យាល័យដាក់ដាំ ស្ថិតក្នុងស្រុកអូររាំង ជាការបំផុសគំនិត ឬធ្វើជាគំរូ ឲ្យសាធារណៈជន ចេះស្រឡាញ់ការពារធម្មជាតិ និងរួបរួមគ្នា ក្នុងកិច្ចការងារសង្គម ។
លោក កែវ សេងលី ជាអ្នកទេសចរ ដែលធ្វើដំណើរមកកម្សាន្ត ខេត្តមណ្ឌលគិរី បានលើកឡើងថា នៅក្នុងសកម្មភាពដាំកូនឈើ គឺមានសមាជិកចំនួន ១៥០នាក់ ហើយប្រភេទកូនឈើ ដែលយកទៅដាំនោះ មានទាំងឈើប្រណិត និងប្រភេទដើមឈើហូបផ្លែ។
លោកបន្តថា កូនឈើទាំងនេះ នៅពេលអនាគត មិនត្រឹមជាម្លប់ប៉ុណ្ណោះទេ ប៉ុនែ្តថែមទាំងអាច ផ្ដល់ឲ្យសហគមន៍ និងសាលា នូវផ្លែផ្កាសម្រាប់ហូបទៀតផង។
អ្នកទេសចរ បន្តទៀតថា ក្រុមការងារ (វី-អា-វ័ន) របស់លោក តែងធ្វើដំណើរកម្សាន្តជាមួយមូលនិធិជួយសង្គម គ្រប់ទីកន្លែង ដោយផ្ដោតទៅលើការអប់រំ សុខភាព និងបរិស្ថាន។
លោក កែវ សេងលី ឲ្យដឹងដូច្នេះ រួចបន្តទៀតថា ទន្ទឹមសកម្មភាព ដាំកូនឈើ ៥០០ដើម ក្រុមការងារ របស់លោក ក៏បានរៀបចំសម្ភារៈសិក្សាជាច្រើន ដើម្បីចែកជូនដល់ក្មេងៗសិស្សសាលា រាប់រយនាក់ ដែលកំពុងមានការខ្វះខាត។
សូមបញ្ជាក់ផងដែរថា នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៣~២០២៤នេះ ខេត្តមណ្ឌលគិរី ក៏បានទាក់ទាញអ្នកទេសចរជាង ២ម៉ឺននាក់ ឲ្យចូលមកលេងកម្សាន្ត ដោយតួលេខនេះ មានការកើនឡើងប្រមាណ ២១.៧៨%។
ទន្ទឹមនិងដំណើរកម្សាន្ត មានភ្ញៀវទេសចរមួយចំនួន ក៏បានឆ្លៀត រួមសហការគ្នា ចូលរួមធ្វើកិច្ចការជួយសង្គមថែមទៀតផង៕ ដោយ៖ តាស្រុះ