ភ្ញៀវទេសចរច្រើនកុះករ ចូលមកកម្សាន្តខេត្តមណ្ឌលគិរី ដើម្បីអបអរឆ្លងឆ្នាំសកល
ខេត្តមណ្ឌលគិរី៖ គិតចាប់ពីថ្ងៃទី៣០ រហូតមកដល់ថ្ងៃទី៣១ ខែធ្នូនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ច្រើនកុះករ ជាពិសេសភ្ញៀវជាតិ បានសម្រុកចូលមកកម្សាន្ត ក្នុងខេត្តមណ្ឌលគិរី ជាបន្តបន្ទាប់ ដើម្បីត្រៀមអបអរឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៣~២០២៤ ។
ដំណើរកម្សាន្ត របស់ភ្ញៀវទេសចរ ចូលមកខេត្តមណ្ឌលគិរី ក្នុងអំឡុងពេលនេះ ក៏ស្របពេល ទិដ្ឋភាពធម្មជាតិ នៃវាលស្មៅពណ៌មាស និងខ្យល់អាកាសត្រជាក់ ដែលជាផ្នែកទាក់ទាញមួយ សម្រាប់វិស័យទេសចរណ៍ នាមូលដ្ឋាននេះ។
គេកត់សម្គាល់ឃើញថា ការចូលមកដល់របស់ភ្ញៀវទេសចរ គឺមានទាំងលក្ខណៈបែបគ្រួសារ និងភ្ញៀវបែបក្រុមហ៊ុន ដែលមានសមាជិករាប់រយនាក់ ក្នុងមួយក្រុមៗ។
ភ្ញៀវទេសចរមួយចំនួន ដែលបានមកកម្សាន្តនៅភ្នំអណ្ដូងស្នេហ៍ ស្ថិតក្នុងស្រុកអូររាំង បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់ពិតជា មានអារម្មណ៍រីករាយបំផុត ពេលបានដល់ខេត្តមណ្ឌលគិរី ដោយឃើញទិដ្ឋភាព គួរជាទីគយគន់ គួបផ្សំអាកាសធាតុត្រជាក់ គួរជាទីមនោរម្យបំផុត។
ប្រភពដដែលបន្តថា ពួកគាត់ បានចូលមកកម្សាន្តខេត្តមណ្ឌលគិរី ជាលក្ខណៈក្រុម ដែលមានសមាជិកជាង ១០០នាក់ ឯណោះ។
ប្រភពបន្តទៀតថា ការចូលមកកម្សាន្តនៅខេត្តមណ្ឌលគិរី ក្រុមរបស់ពួកគាត់ ក៏នឹងធ្វើការងារមនុស្សធម៌មួយចំនួនផង ដែលជាផ្នែកមួយ សម្រាប់ជួយលើការងារសង្គម ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះ អ្នកទេសចរជាច្រើន បានចេញដំណើរទៅដើរលេងកម្សាន្ត នៅតាមគោលដៅទេសចរនានា ហើយអ្វីដែលគួរឲ្យកត់សម្គាល់ គឺនៅគ្រប់គោលដៅ មានកម្លាំងសមត្ថកិច្ចយាមកាម ដើម្បីរង់ចាំការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរដោយការទទួលខុសត្រូវខ្ពស់។
ទន្ទឹមគ្នានេះ សម្រាប់សេវាស្នាក់នៅក្នុងខេត្តមណ្ឌលគិរី ក៏ត្រូវបានភ្ញៀវទំនាក់ទំនងកក់បន្ទប់ និងចូលសម្រាកស្ទើរពេញ ១០០%អស់ហើយ៕ ដោយ ៖ តាស្រុះ