នាវា​​ Westerdam បានចូលចតជាថ្មី នៅកំពង់ផែក្រុងព្រះសីហនុ ​ខណៈឆ្នាំ២០២០អំឡុង ពិភពលោកផ្ទុះជំងឺកូវីដ-១៩ ប្រទេសមួយចំនួន មិនឲ្យចូលចត

ខេត្តព្រះសីហនុ  ៖ មន្ត្រីជាន់ខ្ពស់កំពង់ផែ ក្រុងព្រះសីហនុ បានឲ្យដឹងថា នាវា​ទេសចរទេចរណ៍មួយគ្រឿងឈ្មោះ Westerdam បានចូលចតនៅកំពង់ផែអន្តរជាតិមួយនេះ ដូចការគ្រោងទុក កាលព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
នាវាទេសចរណ៍នេះ មានផ្ទុកអ្នកទេសចរចម្រុះជាតិសាសន៍ចំនួន ១​៩៩១នាក់ មានស្រីចំនួន ១​០៣២នាក់ ​មានគោលដៅចូលមកទស្សនាប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ។ ​នាវានេះ មាននាវឹកចំនួន ៧៨៣នាក់ ស្រីចំនួន ៦៤៨នាក់។
មន្ត្រីដដែល បញ្ជាក់ថា ការចូលមកដល់ នៃនាវាទេសចរណ៍ Westerdam ខាងលើនេះ គឺទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពី ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ យ៉ាងរីករាយរាក់ទាក់។ នាវានេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ នៅម៉ោង ៩យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣​​នេះ។
នៅក្នុងពិធីទទួល​នាវាទេសចរណ៍ Westerdam នៅព្រឹកថ្ងៃនវេះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ស្វាគមន៍យ៉ាង​កក់​ក្តៅ ចំពោះភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលបានចូលមកទស្សនាប្រទេសកម្ពុជា នៅ​ពេលនេះ។
គួររំលឹកថា កាលពីអំឡុងពិភពលោក ក៏ដូចជាកម្ពុជា ឆ្លង​ឬផ្ទុះជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២០ នាវា Westerdam ខាងលើនេះ ត្រូវបានប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះអ្នកទេសចរ ចម្រុះជាតិសាសន៍រាប់ពាន់នាក់ ដែលជាប់គាំងនៅលើនាវានេះ បន្ទាប់ពីបណ្តាប្រទេសមួយចំនួន បាន​បដិសេធមិនឲ្យចូលចត ក្រោមហេតុផលខ្លាចឆ្លងមេរោគកូវីដ-១៩ ប៉ុន្តែមានតែកម្ពុជាមួយទេ ដែលបានអនុញ្ញាតឲ្យចូលចត ក្នុងន័យមនុស្សធម៌ ក៏ដូចជាមួយសង្គ្រោះអាយុជីវិតមនុស្សទាំងអស់នៅលើនាវានោះ។
យ៉ាងណា បន្ទាប់ពីនាវា Westerdam  បានចូលចតដល់កំពង់ផែក្រុងព្រះសីហនុ កាលពីឆ្នាំ​២០២០ គេសង្កេតឃើញថា អ្នកទេសចរចម្រុះជាតិសាសន៍រាប់ពាន់នាក់ ដែលមានវត្តមាន នៅលើនាវានេះ បានបង្ហាញក្តីរំភើប រីករាយរហូតមានជនបរទេសខ្លះ ស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ដែលកាលនោះ សម្តេចតេជោ នៅជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបាន​អនុញ្ញាត​ឲ្យនាវានេះ បានចូលចតក្នុងប្រទេសកម្ពុជា និងសម្រួលដល់ការធ្វើដំណើរបន្តតាមជើងយន្តហោះ ឆ្ពោះទៅកាន់ប្រទេសរៀងៗខ្លួន ដែលកាលនោះ បាននាំឲ្យប្រទេសកម្ពុជា មានឈ្មោះល្បីល្បាញលើពិភពលោក ជាប់ឈ្មោះជាប្រទេសតូច តែមានបេះដូងមនុស្សធម៌ ដ៏កធំសម្បើមថែមទៀតផង។
ចំណែក លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសចូលរួមទទួលស្វាគមន៍ការវិលត្រឡប់ ឬការចូលចត របស់នាវាទេសចរណ៍ Westerdam នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចាត់ទុក ការវិល​ត្រឡប់ជាថ្មី របស់នាវា Westerdam ថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​ ខណៈ​ ប្រទេសកម្ពុជា កំពុងជម្រុញវិស័យទេសចរណ៍តាមផ្លូវទឹក ឲ្យបានច្រើនថែមទៀតនាថ្ងៃអនាគត៕ ​
អត្ថបទដែលជាប់ទាក់ទង