អ្នកបើករថយន្ដបុកបុរសម្នាក់ស្លាប់ ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានចូលខ្លួនមកស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីទទួលកំហុស នៅថ្ងៃទី២៣ ខែធ្នូ
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងហ្វេសប៊ុក របស់លោកថា អ្នកបើករថយន្ដឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទទួលស្គាល់កំហុស របស់ខ្លួន តាមផ្លូវច្បាប់។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការសួរនាំជនបង្ក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ជនបង្ក ដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បានបើកបុកបុរសម្នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
ក្រោយកើតហេតុ បុរសរូបនេះ បានរត់គេចខ្លួនបាត់ស្រមោល។ ហើយ ទើប មកដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះ បានចូលខ្លួនសារភាព នៅស្នងការដ្ឋាននគរបាលល រាជធានីភ្នំពេញ៕