សកម្មភាពជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម គម្រោងបញ្ចប់នៅដើមឆ្នាំ២០២៤

ខេត្តសៀមរាប ៖ ក្រុមការងារ នៃកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា និងឥណ្ឌា បានឱ្យដឹងថា គម្រោងជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម នឹងបញ្ចប់នៅដើមឆ្នាំ២០២៤ខាងមុខនេះ។

ប្រធានគ្រប់គ្រងការដ្ឋានជួសជុល នៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងនៅ​ថ្ងៃទី១៩ ខែធ្នូថា ដំណើរការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម គឺធ្វើតាមបច្ចេកទេសអាណាស្ទីឡូ ដោយរើគំនរថ្មខ្លោងទ្វារទាំងមូល ដែលដួលរលំបាក់បែក ដើម្បីស្វែងរកទីតាំងដើមឡើងវិញ។

ប្រធានគ្រប់គ្រងការដ្ឋានរូបនេះ បន្តទៀតថា ការងាររយៈពេលជាច្រើនខែមកនេះ ក្រុមការងារជួសជុល បានពង្រឹងគ្រឹះ និងរៀបចំរចនាសម្ពន្ធ នៃខ្លោងទ្វារទាំងមូលឡើងវិញ។ ស្វែងរកថ្ម ដែលបានបាត់មកដាក់នៅតាមទីតាំងដើម។ រីឯ ទីតាំងដែលបាត់បង់ថ្ម ឬថ្មខូចខាត គឺដាក់បន្ថែមថ្មថ្មីជំនួស ដើម្បីទល់ទ្ររចនាសម្ពន្ធផ្សេងៗ។

បច្ចុប្បន្ន ក្រុមការងារ បានខិតខំជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម ដោយបានសម្រេច ៦០ភាគរយរួចហើយ។

លោក Chitranjan Kumar បញ្ជាក់ទៀតថា គម្រោងជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្មនេះ។ ហើយ ការងារដែលនៅសេសសល់ គឺចាប់ពីផ្នែកកព្រហ្មឡើងទៅលើ ដោយសារតែថ្មមួយចំនួន នៃផ្ទៃមុខព្រហ្មទាំងបួនទិស បានបាត់បង់  ដែលត្រូវរងចាំឆ្លងយោបល់ពីក្រុមអ្នកជំនាញការ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ  ថាតើអាចយកថ្មថ្មី មកជំនួសបានឬយ៉ាងណា? ដើម្បីឱ្យស្របទៅតាមក្រមធម្មនុញ្ញអង្គរ៕ ដោយ ៖ ឃុត សៅ

អត្ថបទដែលជាប់ទាក់ទង