ការជួសជុលកំពង់ទឹកខាងកើត ប្រាសាទព្រះខ័ន នឹងបញ្ចប់នៅពេលឆាប់ៗ..
ខេត្តសៀមរាប ៖ គម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន ជិតរួចរាល់ជាស្ថាពរហើយ ដោយបច្ចុប្បន្ន ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា នៅតែជួសជុលបង្ហើយពង្រឹងជើងទំនប់ខាងលិច នៃបារាយណ៍ជ័យតដាក ដែលតភ្ជាប់ពីខឿនកំពង់ទឹក ទៅកាន់ផ្លូវចូលប្រាសាទព្រះខ័នខាងកើត មានសភាពទ្រុឌទ្រោមខ្លាំង ដោយសារតែទឹកហូរច្រោះកំណកដី។
បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន លោក ជា សារិទ្ធ មានប្រសាសន៍ថា ក្រុមការងារកំពុងតែមមាញឹកការស្តារកំណកដី ពីផ្លូវចូលខាងកើត ហើយយកទៅចាក់បិទខ្នងទំនប់បារាយណ៍ជ័យតដាក ដើម្បីបំពេញត្រង់ចំណុច ដែលបាក់ស្រុត ដោយសារទឹកហូរច្រោះ ឱ្យឃើញនូវរូបរាងដើមវិញ។ ម្យ៉ាងវិញទៀត ការស្ដារកំណកដីផ្លូវចូលនេះ គឺដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ នឹងបង្ហាញឱ្យឃើញឡើងវិញ នូវរចនាសម្ពន្ធផ្លូវ ដែលក្រាលដោយថ្មបាយក្រៀម និងថ្មគោលព្រះពុទ្ធសាសនានៅអមសងខាងផ្លូវ ជាសំណង់ប្រវត្តិសាស្ត្រមួយ ក្នុងចំណោមសំណង់ផ្សេងទៀត នៅប្រាសាទព្រះខ័ន។
មន្ត្រីជំនាញរូបនេះ បន្តថា សព្វថ្ងៃ ទាំងកម្រាលថ្មបាយក្រៀម និងថ្មគោលព្រះពុទ្ធសាសនាកប់ក្នុងដីជម្រៅប្រមាណជាង ១ម៉ែត្រ បណ្តាលឱ្យថ្មរងការពុកផុយ។ ហើយ កន្លងមក អភិរក្សដ្ឋានអង្គរ នៃសាលាបារាំងចុងបូព៌ា ក៏ធ្លាប់ធ្វើកំណាយសម្អាតដីលើផ្លូវនេះ រួចម្តងហើយ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ ភោគ ជា/ ជា សារិទ្ធ/សាលាបារាំងចុងបូព៌ា