ប្រទះឃើញកាស សម័យបុរាណ១១៦កាស នៅជើងសសរនៃព្រះវិហារវត្តល្អក់ ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប ៖ ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់ របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញប្រាក់កាស(ស្លឹង) បុរាណសរុបទាំងអស់ប្រមាណ ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសរ របស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ។

កាសបុរាណ ដែលគេប្រទះឃើញទាំងនោះ មានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី ១៣-១៥មីលីម៉ែត្រ មានរូបសត្វ«ហង្ស» មួយបែបទៀតក៏មានរូប«ហង្ស»ដែរ តែលាយដោយអក្សរចិនអានថា«ជី»មានន័យថា«សំណាងល្អ» និងកាសម្យ៉ាងទៀតមានអក្សរថា«ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។

សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោក ប្លែស គីលីយ៉ង់ បានពន្យល់ថា កាសដែលមានរូប«ហង្ស» គឺបានបោះពុម្ព ឱ្យប្រើប្រាស់នៅស្រុកខ្មែរ ចាប់ពីអំឡុងសតវត្សរ៍ទី១៦-១៩ នៃគ្រីស្ដសករាជ ឯកាសមួយបែបទៀត មានរូប«ហង្ស»ដែរ និងមានអក្សរចិនអានថា«ជី»នោះ ភាគច្រើនបានបោះពុម្ព និងដាក់ឱ្យចរាចរនៅខេត្តបាត់ដំបង ក្នុងអំឡុងសតវត្សរ៍ទី១៩។

ចំណែកកាស មួយប្រភេទទៀត មានអក្សរថា«ព្រះតំបង» ហើយផ្ទៃម្ខាងទៀតមានរូបគ្រុឌ គឺបោះពុម្ព និងចរាចរនៅខេត្តបាត់ដំបង អំឡុងនាសតវត្សរ៍ទី១៩។

គេដឹងថា ព្រះវិហារវត្តល្អក់ មានតម្លៃប្រវត្តិសាស្ត្រ ទាំងវិស័យសាសនា និងសិល្បៈ ដោយសារតែវត្តនេះ មានអាយុកាលយូរលង់មកហើយ។ វត្តល្អក់ បានសាងសង់ឡើងដោយគ្រឿងបង្គុំធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងជុំវិញធ្វើពីឥដ្ឋបូកកំបោរបាយអរ។ សំណង់នេះ មានសសរ ៤ជួរ ដោយមាន២ជួរនៅកណ្តាលជាសសរកន្លោង និង២ជួរទៀតជាសសរជើងរាង។

បច្ចុប្បន្នសសរឈើ របស់ព្រះវិហារ ដែលកប់ក្នុងដីជាច្រើនឆ្នាំមកហើយ កំពុងមានភាពពុកផុយ ខូចខាតខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ ដល់ការស្នាក់នៅរបស់ព្រះសង្ឃ ហើយវាទាមទារឱ្យក្រុមអ្នកជំនាញធ្វើការជួសជុលជាចាំបាច់៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍

អត្ថបទដែលជាប់ទាក់ទង