ជំនន់ទឹកភ្លៀងជន់លិច ក្រុងបាត់ដំបង ខណៈទឹកស្ទឹងសង្កែមិនទាន់ស្រកទេ

ខេត្តបាត់ដំបង ៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយ ដងស្ទឹងសង្កែ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ ជាយថាហេតុណាមួយ ក្នុងអំឡុងពេល ដែលជំនន់ទឹកភ្លៀង កំពុងជន់ឡើងនៅពេលនេះ។

លោកបន្តថា ប្រសិនបើ មិនមានភ្លៀងធ្លាក់ច្រើន នៅផ្នែកខាងលើទេ ទឹក អាចនឹងស្រកទៅវិញនាពេលល្ងាចនេះ ឬស្អែកព្រឹកតែម្ដង។

ការអំពាវនាវ របស់ លោក សុខ លូ បានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ខណៈរូបលោក ដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យមើលស្ថានភាពទឹក នៅក្នុងក្រុងបាត់ដំបង ដែលកំពុងជន់ឡើង នៅក្នុងដងស្ទឹងសង្កែ និងបានលិចតំបន់ទំនាបមួយចំនួនមនៅក្នុងក្រុងបាត់ដំបង។

មន្ត្រីជំនាញមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តបាត់ដំបង ឲ្យដឹងថា ស្ថានភាពទឹកជំនន់ នៅតំបន់ប៉ែកខាងលើ នៃស្រុកសំឡូត គឺពុំមានភ្លៀងធ្លាក់បន្តទៀតទេ ដែលជាមូលហេតុ មិនបង្កឲ្យទឹកស្ទឹងជន់ឡើយ។ រីឯ នៅទំនប់ស្ទាក់ទឹកពហុបំណងសេកសក ក៏ត្រូវបានទំលាក់ទ្វារបិទ ជាបណ្ដើរៗហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង