នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនជាតិចិន២នាក់ ករណីលួចរថយន្ត និងវាយបំបែកកញ្ចក់រថយន្ត
ខេត្តព្រះសីហនុ ៖ សម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាន ខេត្តព្រះសីហនុ បានស្រាវជ្រាវបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចរថយន្តដោយវាយបំបែកកញ្ចក់រថយន្ត កាត់ខ្សែរសោររថយន្ត) បានមួយករណី និងចាប់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន២នាក់។
សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ នៅចំណុចបុរី HILL PARK VILLA ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចរថយន្តដោយវាយបំបែកកញ្ចក់រថយន្ត កាត់ខ្សែរសោររថយន្ត) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយករថយន្ត ០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 2BG-7889 ដែលជនរងគ្រោះចតទុកនៅក្បែរផ្ទះ រួចជិះគេចខ្លួនបាត់។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាឲ្យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់និរោធ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ជនជាតិចិន ភេទប្រុស និងដកហូតបានវត្ថុតាងរថយន្ត ដែលបាត់ខាងលើ ដោយជនសង្ស័យ បានផ្លាស់ប្តូរផ្លាកលេខរថយន្ត ទៅជាលេខ (ភ្នំពេញ 2AI-5090) ដើម្បីបន្លំភ្នែកសមត្ថកិច្ច។
ជនរងគ្រោះឈ្មោះ ZHANG CHENDONG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ បើកបររថយន្ត មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
សម្ភារបាត់បង់ រថយន្ត ០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 2BG-7889 ។
ជនសង្ស័យទាំង០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ LIU HAI HUA ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
២-ឈ្មោះ LI XIAOJUN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
សម្ភារវត្ថុតាងចាប់យកបាន៖
រថយន្ត ០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 2BG-7889 (ជាផលនៃអំពើចោរកម្ម) រថយន្ត ០១គ្រឿង ម៉ាក PRUIS ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-2574 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស) ផ្លាកលេខរថយន្ត ០២គូ (ជាផលនៃអំពើចោរកម្ម) ១-មានលេខៈ ភ្នំពេញ 2AB-7893 ២-មានលេខៈ ភ្នំពេញ 2AI-5090 ឧបករណ៍ផ្តាច់ប្រព័ន្ធ GPS រថយន្ត ០១គ្រឿងឧបករណ៍ថតចម្លងទិន្ន័យសោររថយន្ត ០២គ្រឿង ឧបករណ៍ GPS ០១គ្រឿង ឧបករណ៍សប់ខ្យប់ សម្រាប់បើកទ្វាររថយន្ត ចំនួន ០៥ ឧបករណ៍ចុចបំបែកកញ្ចក់រថយន្ត ០១គ្រឿង ដែកសម្រាប់ទាក់បើកដៃទ្វាររថយន្ត ចំនួន ០១ ដង្កាប់ ០៣ដើម ម៉ាស៊ីនស្វាន ០១គ្រឿង ទល់រឺវីស ០៣ដើម ពិលតូច ០២គ្រឿង សោរថយន្ត ចំនួន ០២ ស្រោមដៃ និងម៉ាសមួយចំនួន ។
ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនិតិវិធី ៕