ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បើកវគ្គបណ្តុះបណ្តាលស្តីពី គរុកោសល្យវិធីសាស្រ្តបង្រៀន និងគ្រប់គ្រងថ្នាក់រៀនលើកទី២

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី គរុកោសល្យ វិធីសាស្រ្តបង្រៀន និងគ្រប់គ្រងថ្នាក់រៀន ក្រោមអធិបតីភាព ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី អមដោយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសិក្ខាកាមជាលោកគ្រូអ្នកគ្រូ សាលាមធ្យមវិចិត្រសិល្បៈ ចូលរួមចំនួន ១០២រូប។

នាឱកាសនោះ លោក ហេង កំសាន្ត នាយកស្តីទីសាលាមធ្យមវិចិត្រសិល្បៈ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ នឹងលើកឡើងបង្ហាញពីការអប់រំសីលធម៌ និងការគ្រប់គ្រងចិត្ត ដើម្បីប្រសិទ្ធភាព នៃការបង្រៀន ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូបង្រៀន របៀបនៃការសរសេរប្លង់ មុខវិជ្ជា វិធីសាស្ត្រតាមបែបមជ្ឈមណ្ឌលសិស្សមជ្ឈមណ្ឌលវិធីសាស្ត្របង្រៀន ក្នុងបរិបទថ្មីបែប ឌីជីថល វិធីសាស្ត្របង្រៀនតាមបែបដោះស្រាយបញ្ហា តាមបែបសហការ និងតាមបែបឯករាជ្យ។

ទន្ទឹមនេះដែរ លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌  ក៏បានឲ្យដឹងដែរថា ផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្តកំណែទម្រង់ របស់រាជរដ្ឋាភិបាល សាលាបណ្តុះបណ្តាល ក្របខ័ណ្ឌវប្បធម៌ ដែលជាអង្គភាពចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបេសកកម្ម និងភារកិច្ចកាន់តែសំខាន់ឡើង ក្នុងមុខងារជាអ្នកផ្តល់ការគាំទ្រលើវិស័យបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធនមនុស្សដល់អង្គភាព មន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការធ្វើទំនើបកម្ម មុខងារសាធារណៈ ឱ្យប្រកបដោយធនធាន ដែលមានគុណភាព មានវិជ្ជាជីវៈ ជាបញ្ញាជន វិញ្ញូជនរដ្ឋបាល ជាអ្នកគ្រប់គ្រង និងដំណើរការរដ្ឋបាល ប្រកបដោយសមត្ថភាព ជាមន្រ្តីរាជការ ដែលប្រកាន់យកសីលធម៌ថ្លៃថ្នូរ និងជាអ្នកបម្រើការងាររដ្ឋបាល និងប្រជានជន ប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលនេះ គឺក្រសួងមានបំណងចង់ផ្តល់ទស្សនទានក្នុងវិស័យរដ្ឋបាលអប់រំ នាពេលបច្ចុប្បន្ន និងទៅអនាគត ឱ្យមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ នៃសាលាមធ្យមវិចិត្រសិល្បៈ បន្តរៀនសូត្រ ពង្រឹងសមត្ថភាព និងធ្វើទំនើបកម្ម ផ្នែករដ្ឋបាលសិក្សានិងផ្លាស់ប្តូរផ្នត់គំនិត ពីការបង្រៀនតាមរបៀប «គ្រូមជ្ឈមណ្ឌល» មកបង្កើតវិធីសាស្រ្តថ្មី ដែលហៅថា«សិស្សមជ្ឈមណ្ឌល» ដោយអនុញ្ញាតឱ្យសិស្ស អនុវត្តន៍កិច្ចការសាលាឱ្យបានច្រើន និងលោកគ្រូអ្នកគ្រូបង្រៀន ទៅតាមប្លង់មេរៀនច្បាស់លាស់ ប្រយោជន៍ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំផង និងរក្សាបានតម្លៃ នៃជំនាញវិជ្ជាជីវៈ មរតកដូនតាខ្មែរផង។

ម្យ៉ាងវិញទៀត នៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាណ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏នៅតែបន្តកំណត់យកនយោបាយ អភិវឌ្ឍធនធានមនុស្ស ជាអាទិភាពក្នុងចំណោមអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោកបន្តថា វគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ ក៏ជាការបន្តរួមចំណែកធ្វើឱ្យគោលនយោបាយធនធានមនុស្ស ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគឺដើម្បីជួយដល់គ្រឹះស្ថានអប់រំ ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ដែលនឹងធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាពការងារ និងការផ្តល់សេវាអប់រំប្រកប ដោយគុណភាពល្អ អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការទីផ្សារការងារ៕

អត្ថបទដែលជាប់ទាក់ទង