សត្វឆ្មាដាវញីមួយក្បាលទៀត គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិ នៃឧទ្យានអង្គរ

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)  បានដឹកជញ្ជូនសត្វឆ្មាដាវ(Leopard Cat)  ញីមួយក្បាល ពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារ មានគម្រោងដោះលែងចូលទៅក្នុងព្រៃធម្មជាតិ នៃឧទ្យានអង្គនៅពេលខាងមុខ។

តាមរយៈគម្រោងនេះ កន្លងមក គម្រោងទទួលបានជោគជ័យ ក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិ នៃឧទ្យានអង្គរ មានដូចជា៖ សត្វទោចមកុដ (Pileated gibbon) ចំនួន ១៥ក្បាល (កើតកូនបានចំនួន ៧ក្បាល) សត្វឈ្លូស (Red muntjac) ចំនួន ៦ក្បាល សត្វស្វាព្រាម (Silvered langurs) ចំនួន ១២ក្បាល សត្វសំពោចក្រអូប (Common palm civets) ចំនួន ៧ក្បាល សត្វភេខ្លួនរលោង (Smooth-coated otter) ចំនួន ៨ក្បាល (កើតកូនបានចំនួន ៥ក្បាល) សត្វឆ្មាដាវ (Leopard Cat) ចំនួន២ក្បាល កេងកងតូច (Oriental Pied Hornbill) ចំនួន ៧ក្បាល កេងកងធំ (Great Hornbill) ចំនួន ៦ក្បាល ព្វាំង (Wreathed Hornbill) ចំនួន ៧ក្បាល សត្វក្ងោក(Peafowl) ចំនួន ៩ក្បាល សត្វអន្សង(Common Water Monitor) ចំនួន ១ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់ឥឡូវសត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។

ដើម្បីឲ្យសត្វព្រៃទាំងអស់ បន្តវត្តមាននៅក្នុងព្រៃធម្មជាតិ នៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ បញ្ឈប់ការដាក់អន្ទាក់សត្វគ្រប់ប្រភេទ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

អត្ថបទដែលជាប់ទាក់ទង