សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រយ័ត្នចាញ់បោកជនបោកប្រាស់ ដើរតួជាជំនួយការលោក..

រាជធានីភ្នំពេញ ៖ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់ ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួន ដោយអះអាងថា ខ្លួនជាជំនួយការ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា ដោយប្រើឥទ្ធិពល នៃការក្លែងបន្លំយកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរ ដែលនៅតាមកន្លែងទាំងនោះ សហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។

នៅក្នុងសកម្មភាពនេះ ជនខិលខូច បានក្លែងព្រះរាជក្រឹត្យ ដែលមានព្រះហស្ថលេខារបស់ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ២ច្បាប់។ ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី សូមជូនដំណឹងនេះ ដើម្បីថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាប្រុងប្រយ័ត្ន កុំចាញ់បោកជនខិលខូចទាំងឡាយ និងសូមឱ្យអាជ្ញាធរ មានសមត្ថកិច្ចជួយសហការធ្វើការស្រាវជ្រាវជាបន្ត ដើម្បីចាត់វិធានការចំពោះជនល្មើស និងបក្ខពួកតាមនីតិវិធីច្បាប់។

រាជធានីភ្នំពេញ ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង