សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិវៀតណាម១ក្រុម ករណីប្រើហិង្សាបង្កការអុកឡុក តាមទីសាធារណៈ
ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ រស់នៅក្រុងព្រះសីហនុ បានអះអាងថា ករណីប្រើហិង្សានៅតាមទីសាធារណៈបង្កឡើងដោយជនជាតុខ្មែរ វៀតណាម និងចិន បានបន្តកើតមានជាបន្តបន្ទាប់ ដោយបង្កការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ពលរដ្ឋធ្វើដំណើរតាមផ្លូវ ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនជាដើម..។
ជាក់ស្តែងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០២រំលងអធ្រាត្រ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានមកថា នៅចំណុចរង្វង់មូលតោ២ ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ហិង្សាដោយចេតនា មួយកើតឡើង បង្កដោយជនសង្ស័យ ០១ក្រុម មានគ្នា ០៨នាក់ បានធ្វើសកម្មភាព យកដំបងទីបដែក វាយទៅលើជនរងគ្រោះ ០១ក្រុមទៀត បណ្តាលឱ្យរងរបួសដៃ ដងខ្លួន និងក្បាល។
ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ និងបានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៨នាក់ ភេទប្រុស ជនជាតិវៀតណាម នាំយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។
សម្ភារវត្ថុតាង ដែលសមត្ថកិច្ច ចាប់យកបានរួមមាន៖ ទូរស័ព្ទដៃចំនួន ១១គ្រឿង ដំបងទីបដែក ០៣ដើម ដំបងរលាស់ ០១ដើម ប៉ែលដងដែក ០១ដើម ស្ព្រាយម្រេច ០១កំប៉ុង និងរថយន្ត ០១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-2832។
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំ..៕