វង់ទស្សនាថ្មីនៅប្រាសាទភ្នំបាខែង ធ្វើឱ្យភ្ញៀវទេសចរ កាន់តែមានកន្លែងទស្សនាច្រើន
ខេត្តសៀមរាប ៖ ប្រាសាទភ្នំបាខែង គឺជាគោលដៅទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិចយ៉ាងពេញនិយមបំផុត របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ដោយសារតែចំនួនភ្ញៀវទេសចរ កាន់តែច្រើនឡើងទៅទស្សនាថ្ងៃរះ និងថ្ងៃលិចនៅលើកំពូល នៃប្រាសាទភ្នំបាខែង ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងវង់ទស្សនាថ្មីមួយទៀត ដើម្បីបញ្ជៀសចំនួនកកកុញ នៃការទស្សនា ក៏ដូចជា បង្កើតជាជម្រើសសម្រាប់ទេសចរ ដែលនិយមទស្សនាថ្ងៃលិច ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរ នូវបទពិសោធន៍ថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុខភាពផង។
ប្រធានភ្នាក់ងារទេសចរណ៍ នៅប្រាសាទភ្នំបាខែង គឺលោក ហ៊ុត សុភាព មានប្រសាសន៍ថា ការរៀបចំវង់ទស្សនាថ្មីនេះ គឺចាប់ពីជើងភ្នំ រហូតដល់ប្រាសាទតែម្តង។
ចំពោះខ្សែទស្សនា គឺភ្ញៀវទេសចរអាចដើរទស្សនាតាំងពីជើងភ្នំ ហើយនៅពេលហត់ ភ្ញៀវ ក៏អាចឈប់សម្រាកតាមផ្លូវសុវត្ថិភាព ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងជាច្រើន ហើយកន្លែងទាំងនោះ សុទ្ធតែអាចផ្តិតយករូបភាពនានាដូចជា៖ គោលដៅទី១ អាចថតប្រាសាទបក្សីចាំក្រុង និងគោលដៅទី២ នៅចង្កេះភ្នំ គឺមានរានហាលសម្រាប់ឱ្យភ្ញៀវ អាចទស្សនាទេសភាពបារាយណ៍ខាងលិចទាំងមូល។
ឯខ្សែទស្សនាបន្ត បន្ទាប់ពេលទៅដល់លើភ្នំ មានរានហាលមួយទៀត សម្រាប់ឱ្យទេសចរទស្សនាថ្ងៃរះ និងថ្ងៃលិចជាដើម។
លោក ហ៊ុត សុភាព ឱ្យដឹងទៀតថា បន្ទាប់ពីភ្ញៀវឡើងទៅដល់កំពូលភ្នំ គឺនៅមានខ្សែទស្សនាបន្តទៀត ដោយភ្ញៀវអាចដើរទស្សនាទៅតាមវង់ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំមានកន្លែងសំខាន់ៗមួយចំនួនទៀតដូចជា៖ រៀបចំឱ្យភ្ញៀវ អាចមើលឃើញកំពូលប្រាសាទអង្គរវត្ត ឱ្យភ្ញៀវទៅទស្សនាពុទ្ធបាទ រួចតម្រង់ឡើងទៅលើភ្នំតែម្ដងចាប់ពីទិសខាងកើត។ ហើយ ការដែលអាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនាបែបនេះ គឺក្នុងបំណងចង់ឱ្យភ្ញៀវទេសចរ អាចទទួលបាននូវបទពិសោធន៍ច្រើន តាំងពីការចាប់ផ្ដើមដើរឡើងភ្នំ រហូតដល់លើកំពូលភ្នំ មានដូចជា៖ ចង់ឱ្យភ្ញៀវអាចមើលឃើញប្រាសាទបក្សីចាំក្រុង ឃើញទិដ្ឋភាពបារាយណ៍ខាងលិចទាំងមូល ឃើញកំពូលប្រាសាទអង្គរវត្ត ហើយជាពិសេសនោះ គឺពេលភ្ញៀវឡើងដល់កំពូលភ្នំ ពួកគាត់ អាចមើលឃើញទិដ្ឋភាពថ្ងៃរះ ថ្ងៃរៀបលិច មើលឃើញទិដ្ឋភាពទីក្រុងសៀមរាប ព្រមទាំងឃើញព្រៃឈើទាំងមូល ដែលស្ថិតនៅជុំវិញភ្នំបាខែងផង។
ក្នុងការរៀបចំវង់ទស្សនាថ្មី អាជ្ញាធរជាតិអប្សរា ក៏រៀបចំកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាពដូចជា៖ ការលះមែកឈើខ្លះៗ រៀបចំផ្លូវដើរជុំវិញប្រាសាទឱ្យស្អាត ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារកន្លែងមានហានិភ័យ ដើម្បីការពារសុវត្ថិភាព អ្នកទេសចរទាំងឡាយ។
ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ឬមគ្គទេសក៍ទេសចរណ៍ ឱ្យនាំភ្ញៀវដើរទស្សនាតាមទិសដៅដែលបានរៀបចំ ដើម្បីឱ្យពួកគាត់បានឃើញនូវអ្វី ដែលថ្មីៗ និងមានភាពស្រស់ស្អាតទាំងនោះផង៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា/ លោក ហ៊ុត សុភាព