អាជ្ញាធរជាតិអប្សរា កំពុងជួយសង្គ្រោះគ្រឹះ និងបង្កាន់ដៃនាគ នៅជាន់ផ្ទាល់ដី ភាគខាងត្បូងប្រាសាទអង្គរវត្ត
ខេត្តសៀមរាប ៖ ក្រុមអ្នកជំនាញ របស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងតែប្រឹងប្រែងជួយសង្គ្រោះ ដោយជួសជុល និងបង្ហាប់គ្រឹះបង្កាន់ដៃនាគ ដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដី នាភាគខាងត្បូងរបស់ប្រាសាទអង្គរវត្ត ត្រង់ច្រកកណ្ដាល ចេញពីខ្លោងទ្វារតាពេជ្រ ដើម្បីឱ្យរួចផុតពីហានិភ័យខ្ពស់។
បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា បច្ចុប្បន្នបង្កាន់ដៃនាគ និងជើងទម្រធ្វើពីថ្មភក់ របស់ប្រាសាទអង្គរវត្តភាគខាងកើត នៃជណ្ដើរខាងត្បូង ដែលមានអាយុកាលជិតពាន់ឆ្នាំ ប្រវែងប្រហែល ១០ម៉ែត្រ កំពុងមានហានិភ័យខ្ពស់ ដោយកន្លែងខ្លះ ថ្មបានបាក់បែក និងគ្រឹះរបស់វាត្រូវទឹកភ្លៀងហូរច្រោះដីបណ្ដាលឱ្យដុំថ្ម របស់ខឿនធំៗញែកចេញពីគ្នាធ្វើឱ្យទ្រេតខ្លាំង ប្រឈមមុខនឹងការរលំក្បាលនាគ។
លោកឱ្យដឹងទៀតថា ចាប់តាំងតែពីដើមខែកក្កដា មក ក្រុមការងារបានរុះរើបង្កាន់ដៃ និងក្បាលនាគនៅទីនោះ ជាបណ្ដោះអាសន្ន ក្រោយពីមានការឯកភាពពីអ្នកជំនាញការអាដហុក ហើយចាប់ពីដើមខែសីហានេះ ក្រុមការងារក៏បានចាប់ផ្ដើមរុះរើផ្ទាំងថ្ម ខឿនរបស់បង្កាន់ដៃនាគទីនោះ ដើម្បីរើថ្មក្រៀកចេញ ហើយសម្អាតកម្ទេចដីរួចដាក់ចូលទីតាំងដើមវិញ។
ក្រុមអ្នកជួសជុលឱ្យដឹងថា ក្នុងការងារជួយសង្គ្រោះបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដី នាភាគខាងកើតនៃជណ្ដើរខាងត្បូង របស់ប្រាសាទអង្គរវត្តនោះ គឺគេធ្វើការងារជាច្រើនទៅតាមបច្ចេកទេសដូចជា ត្រូវដកជាតិអំបិលចេញពីថ្មនៅតាមកន្លែងខ្លះ រីឯខ្លួននាគដែលបាក់បែក គឺត្រូវប្រើបច្ចេកទេសតភ្ជាប់និងផ្គុំថ្មឡើងវិញ ហើយត្រង់កន្លែងណា ដែលបាត់បង់គឺត្រូវឆ្លាក់ថ្មថ្មីមកដាក់ជំនួស។ ចំណែកឯ ជើងទម្រនាគ ដែលបាក់បែក ក៏ត្រូវពង្រឹងឡើងវិញ ដើម្បីប្រែក្លាយពីហានិភ័យ ឱ្យទៅជាសុវត្ថិភាព។
បុរាណវិទូលោក សយ សុភារិន្ទ មានប្រសាសន៍ថា ដើម្បីជួសជុលនិងជួយសង្គ្រោះគ្រឹះ និងបង្កាន់ដៃនាគ ដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដី នាភាគខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រង់ច្រកកណ្ដាល ចេញពីខ្លោងទ្វារតាពេជ្រនោះឱ្យរឹងមាំឡើងវិញ គឺក្រុមការងារអាច នឹងចំណាយពេលប្រហែល៣ខែ។
បុរាណវិទូដដែលឱ្យដឹងទៀតថា បច្ចុប្បន្ននេះ គឺមានបង្កាន់ដៃនាគនៅតាមច្រកចូលជុំវិញប្រាសាទអង្គរវត្តជាច្រើនកន្លែង កំពុងស្ថិតក្នុងហានិភ័យ ប៉ុន្តែពេលនេះ ក្រុមការងារ បានចាប់ផ្ដើមជួសជុលគ្រឹះបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដីនាភាគខាងកើត នៃជណ្ដើរខាងត្បូង របស់ប្រាសាទអង្គរវត្តត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រមួយសិន បន្ទាប់ពីបញ្ចប់ជួសជុលបង្កាន់ដៃនាគនេះ គឺក្រុមការងារ នឹងចាប់ផ្ដើមជួយសង្គ្រោះបង្កាន់ដៃនាគ នៅតាមច្រកចូលជុំវិញប្រាសាទអង្គរវត្តជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា/ ភោគ ជា/សយ សុភារិន្ទ