ខ្មាន់កាំភ្លើងមួយក្រុម ចូលរំដោះអ្នកទោសគ្រឿងញៀន ជនជាតិចិនម្នាក់ នៅក្រុងសៀមរាប ពេលបញ្ជូនទៅពេទ្យធ្មេញ

ខេត្តសៀមរាប ៖ សមត្ថកិច្ច បានឱ្យដឹងថា ខ្មាន់កាំភ្លើងមួយក្រុមមានគ្នា ០៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង ផងនោះ បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារ បញ្ជូនទៅពេទ្យធ្មេញមួយកន្លែង ក្នុងក្រុងសៀមរាប។

ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ចំណុចទីតាំងគ្លីនិចធ្មេញ ជុំចិន្តា ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ច បានឱ្យដឹងព័ត៌មានបឋមថា នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ មន្ដ្រីពន្ធនាគារចំនួន ០៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ ០៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យ បានចូលទៅរំដោះអ្នកទោស ចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន ០៤នាក់ថែមទៀត។

ក្រោយរំដោះ ក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដ ០១គ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ 2AA-4315 បើកគេចខ្លួន ដោយ​សុវត្ថិភាព។

យ៉ាងនេះក្តី រំលងបានប៉ុន្មានម៉ោងក្រោយមក សមត្ថកិច្ច បញ្ជាក់ថា រថយន្ដ ដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញ យកទៅផ្លុងចោល នៅទីតាំងមួយកន្លែង ក្រុង​សៀមរាប។ ព្រមជាមួយគ្នានេះ សមត្ថកិច្ច ជំនាញក៏បានប្រទះឃើញ កាំភ្លើងខ្លីចំនួន ០៥ដើម និងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចពាក់ព័ន្ធកំពុងសហការគ្នា ចុះស្រាវជ្រាវដើម្បីស្វែងរកក្រុមឧក្រិដ្ឋជនទាំងនោះ។

ទាក់ទិនបញ្ហានេះ លោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា  ពិរុទ្ធជនឈ្មោះ Chen hsin han មានអាយុ ៤៥ឆ្នាំ ជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលតុលាការចេញសាលក្រម ឱ្យជាប់ពន្ឋនាគាររយៈពេលជាង ៥០ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង