ចាប់ស៊ុតមាន់៥២០០០គ្រាប់ នាំចូលពីវៀតណាម តាមច្រកម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង
ខេត្តព្រៃវែង ៖ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានីភ្នំពេញ នៅម៉ោង ១៣ និង២៦នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានចុះបង្កហរាប និងឃាត់រថយន្ត ០១គ្រឿង ម៉ាក KIA ជាប្រភេទរថយន្តដឹកទំនិញចំណុះ ០១តោន ពាក់ស្លាកលេខភ្នំពេញ ២BO-0048 ពណ៌ស ដែលដឹកស៊ុតមាន់ចំនួន ១៣០កញ្ចែង ឬស្មើ ៥២០០០គ្រាប់ ដោយនាំចូលមកពីប្រទេសវៀតណាម តាមតាមច្រកម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយខុសច្បាប់។
សកម្មភាពបង្ក្រាបនេះ តាមការបញ្ជាផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ដាក់បញ្ជារឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាព។
ទាក់ទិនបញ្ហានេះ ម្ចាស់ដឹកពងមាន់ ឱ្យដឹងថា ពងមាន់ ដែលជំនាញចុះចាប់នេះ នឹងត្រូវដឹកមកលក់ចែកចាយ ក្នុងរាជធានីភ្នំពេញ ដោយគ្មាន លិខិតអនុអញ្ញាតអ្វីទាំងអស់។
មន្ត្រីជំនាញ បានឃាត់ចាប់រថយន្ដដឹកពងមាន់ខុសច្បាប់នេះ នៅលើផ្លូវជាតិលេខ១ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ក្រុមមន្រ្តីជំនាញ បាននាំយកវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕