មន្ត្រីនគរបាលចរាចរណ៍ រាជធានីភ្នំពេញ ៣នាក់ ត្រូវដកបញ្ឈរជើង ក្រោយកំហែងយកប្រាក់ ពីជនបរទេស នៅស្ដុបវត្តស្លែងខណ្ឌដង្កោ
រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៣រូប ត្រូវបានថ្នាក់ដឹកនាំ របស់ខ្លួន សម្រេចផ្អាកការងារ ជាបណ្ដោះអាសន្ន ក្រោយកំហែងយកប្រាក់ពីជនជាតិចិន ដែលបើកបរហួសភ្លើងស្ដុប នៅគោលដៅស្ដុបវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងខណ្ឌដង្កោ។
នេះបើយោងតាម លិខិតបង្គាប់ការ របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។
លិខិតបង្គាប់ការដដែលនេះ បានបញ្ជាក់ថា មន្ដ្រីនគរបាលចំនួន ០៣នាក់ខាងលើនេះ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវផ្អាកការងារបណ្ដោះអាសន្ន ហើយតម្រូវឲ្យទៅបង្ហាញមុខនៅការិយាល័យអន្ដរាគមន៍ និងតម្រួតបទបញ្ជា..។
មន្ត្រីត្រូវពិន័យទាំងនោះ រួមមាន៖
ទី១- លោកអនុសេនីយ៍ឯក សុខ គឹមលី ឋានៈនាយរងផ្នែក
ទី២- លោកអនុសេនីយ៍ឯក សួន ផាន់ណា ឋានៈនាយរងផ្នែក
ទី៣- លោកអនុសេនីយ៍ឯក លន លីហូវ ឋានៈមន្ដ្រី។
ទាក់ទងករណីនេះ ប្រភពព័ត៌មាន មួយចំនួន បានអះអាងថា មូលហេតុ ដែលមន្ដ្រីនគរបាលទាំង ០៣នាក់នេះ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ដោយសារតែពួកគេ កំហែងយកប្រាក់ពីជនជាតិចិនម្នាក់ ដោយសារតែបើកបរហួសភ្លើងស្ដុប នៅគោលដៅស្ដុបវត្តស្លែង និងធ្វើឡើងតាមបណ្ដឹង របស់ស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
(រាល់ថ្ងៃនេះ ឮតែប្រជាពលរដ្ឋ និយាយដើម មន្ត្រីនគរបាលចរាចរណ៍ខ្លះ..)
រាល់ថ្ងៃនេះ ឃើញមានប្រជាពលរដ្ឋ បានរអ៊ូរទាំរឿងផាកអត់វិក្កយបត្រ របស់មន្ត្រីនគរបាលចរាចរណ៍ ដែលប្រចាំការនៅតាមគោលដៅមួយចំនួន ក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ហើយជានិច្ចជាកាល មន្ត្រីនគរបាលបៅតាមរាជធានីខេត្តខ្លះ តែងឆ្លើយបក ហើយចោទប្រជាពលរដ្ឋថា នាំគ្នាញុះញង់ ឬនិយាយបំផ្លេីសការពិតជាដើម..។ ប៉ុនែ្តសម្រាប់លេីកនេះ មិនមែន ពលរដ្ឋខ្មែរ ជាអ្នកប្តឹងទេ គឺ ជនរងគ្រោះជាជនជាតិចិន បានប្ដឹងមន្ត្រីនគរបាល ប្រចាំការនៅគោលដៅមួយ ក្នុងរាជធានីភ្នំពេញ ទៅស្ថានទូតចិន តែម្ដង។
បច្ចុប្បន្ននេះ ស្ថានទូតចិន ប្រចាំរាជធានីភ្នំពេញ ក៏បានអន្តរាគមន៍មកខាងថ្នាក់ដឹកនាំធំៗ នៃអគ្គស្នងការនគរបាលជាតិ ទេីបចេញមុខទទួលស្គាល់ការពិត។
ករណីនេះ សាធារណជន បញ្ចេញយោបល់ថា រឿងនេះ មិនមែនជារឿងថ្មីទេ ព្រោះទង្វើ របស់មន្ត្រីនគរបាលចរាចរណ៍ ទាំង ០៣នាក់នេះ ឬមន្ត្រីខិលខូចច្រើនទៀត បានធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស របស់មន្រ្តីនគរបាលជាតិ ជាបន្តបន្ទាប់ ហើយករណីបុគ្គល ៣នាក់នេះ មិនគួររក្សាទុកឱ្យ នៅជាមន្ត្រីទៀតឡើយ។ ក្នុងនោះ បើគ្រាន់តែ ថ្នាក់លើដាក់វិន័យ ឬផ្អាកការងារបណ្ដោះអាសន្ន លើបុគ្គលទាំងនេះ ក៏មិនទាន់គ្រប់គ្រាន់ដែរ គឺគួរតែ បណ្ដេញចេញពីក្របខ័ណ្ឌនគរបាល ហើយបញ្ជូនទៅតុលាការ បន្តនីតិវិធីតាមច្បាប់ ដេីម្បីជាព្រមានដល់មន្ត្រីខិលខូចដទៃទៀត..៕