បុរស២នាក់ បានស្លាប់ក្នុងអណ្ដូងទឹក ពេលស៊ីឈ្នួលជីកអណ្ដូងឱ្យគេ នៅស្រុកស៊ីធរកណ្តាល

ខេត្តព្រៃវែង ៖ សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មានបុរស ០២នាក់ ជាអ្នកស៊ីឈ្នួលជីកអណ្ដូងទឹកឱ្យគេ បានស្លាប់ក្នុងអណ្ដូង ខណៈចុះស្ដារនិងដាក់លូ ក្នុងអណ្ដូងទឹក ហើយគ្មានខ្យល់អុកស៊ីហ្សែន សម្រាប់ដកដង្ហើម។

ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង ១៨ និង០០ នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចវាលស្រែខាងលិច ភូមិស្គាក្តី ចម្ងាយ ១៧០០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្គាក្តី ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

អធិការនគរបាលស្រុកសុីធរកណ្ដាល បានឱ្យដឹងថា ជនរងគ្រោះទាំង ០២នាក់ មាន
ឈ្មោះ ជ្រឿន ដេន ភេទប្រុស អាយុ ៤៣ឆ្នាំ(ស្លាប់) និង ឈ្មោះ ធន់ សារ៉េន ភេទប្រុស អាយុ ៥៤ឆ្នាំ(ស្លាប់)។ អ្នកទាំង ០២ រស់នៅភូមិ-ឃុំកើតហេតុ។

សមត្ថកិច្ច បញ្ជាក់ថា នៅមុនពេលកើតហេតុ ម្ចាស់អណ្ដូងទឹក បានជួលជនរងគ្រោះទាំង ០២នាក់ ឱ្យមកស្ដារអណ្ដូង និងដាក់លូបន្ថែម។ ដោយអណ្ដូងនេះមានលូ ១០កង់ រួចហើយៗដាក់ថែមលូ ៣កង់ទៀត ដើម្បីឱ្យចេញទឹក។

ប្រភពបន្តថា ក្នុងអំឡុងពេល ជនរងគ្រោះទាំង ០២នាក់ ចុះទៅក្នុងអណ្ដូងបាត់យូរម៉ោង មិនឃើញវិលទៅផ្ទះ ទើបនៅ ៩ និង០០ យប់ថ្ងៃដដែល ក្រុមគ្រួសារ ក៏បានតាមទៅរកមើលដល់ទីតាំងជីកអណ្តូង ក៏ឃើញជនរងគ្រោះទាំង ០២នាក់ ដេកស្លាប់ក្នុងអណ្ដូង បាត់ទៅហើយ។

ករណីនេះ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ការស្លាប់ របស់ជនរងគ្រោះទាំងពីរនាក់ អាចដោយសារចុះអណ្ដូងមានជម្រៅជ្រៅ ហើយគ្មានខ្យល់អុកស៊ីហ្សែន ទើបបណ្ដាលឱ្យថប់ដង្ហើមស្លាប់។

បច្ចុប្បន្ន សាកសពជនរងគ្រោះ បានប្រគល់ឱ្យក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង