អាជ្ញាធរជាតិអប្សរា មានគម្រោងស្ដារស្រះទឹកចំនួន២ នៅទិសខាងកើតប្រាសាទបាយ័ន
ខេត្តសៀមរាប ៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្ស ប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងតែខិតខំប្រឹងប្រែងរុះរើផ្ទាំងថ្ម នៃប្រាសាទបុរាណចំនួនច្រើនម៉ឺនដុំ ចេញពីគំនរ ដែលធ្លាប់តែធ្លាក់នៅក្នុងស្រះទឹកនាភាគខាងកើតឈៀងខាងជើង នៃប្រាសាទបាយ័ន ដើម្បីផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មីមួយផ្សេងទៀត។
បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាជាធរជាតិអប្សរា លោកស្រី ទឹម ធីតា មានប្រសាសន៍ថា ការរុះរើបំណែកថ្ម នៃប្រាសាទបុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុក នៅទីតាំងសមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២ នៅភាគខាងកើតប្រាសាទបាយ័នឡើងវិញ ឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើម នៃប្រាសាទបាយ័នទាំងមូលផង។
លោកស្រី ទឹម ធីតា ឱ្យដឹងទៀតថា គំនរថ្ម នៃប្រាសាទបុរាណនេះ មួយផ្នែក ធ្លាប់បានប្រមូល នៅក្នុងបរិវេណរួតទី៣ និងនៅរោងទងទី១នៃប្រាសាទបាយ័ន ដោយអ្នកអភិក្សជនជាតិបារាំង កាលពីចន្លោះឆ្នាំ១៩១៩-១៩៣០ ម្ដងមកហើយ។
ក្រុមអ្នកជំនាញ ឱ្យដឹងថា ថ្មប្រាសាទបុរាណភាគច្រើន ដែលធ្លាក់ជាគំនរ នៅក្នុងស្រះទឹកនាភាគខាងកើត ឈៀងខាងជើង នៃប្រាសាទបាយ័ននោះ គឺជាប្រភេទថ្មដំបូល ៥០ភាគរយ ក្រៅពីនេះមាន ថ្មហោជាង ធ្នឹម សសរ ថ្មកំពូលព្រហ្ម ខឿន និងថ្មចម្លាក់តូចៗ ដែលបានបាក់បែកមុខជាដើម។ ស្ថានភាពថ្មមុនពេលរើ គឺមានសភាពនៅរាយប៉ាយគរគ្នា និងគុណភាពថ្ម ឃើញនៅល្អភាគច្រើន។
លោកបន្តថា ដំណាក់កាលដំបូង គឺក្រុមការងារនឹងរើគំនរថ្មយកទៅដាក់នៅបរិវេណមុខប្រាសាទសិន បន្ទាប់ពីរើថ្មអស់ហើយ គឺក្រុមការងារ នឹងត្រូវបែងចែកប្រភេទថ្មថា មួយណាជាប្រភេទថ្មដំបូល ថ្មណាជាសសរ ដោយត្រូវយកទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន។ រហូតមកដល់ពេលនេះ ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា បានរើផ្ទាំងថ្ម នៃប្រាសាទបុរាណទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន បានចំនួនប្រហែលជាង ៤ពាន់ដុំហើយ។
ក្រុមការងារ បានសន្និដ្ឋានថា ថ្មប្រាសាទបុរាណ ដែលគេត្រូវរើចេញពីគំនរទាំងអស់ មានប្រហែល ២ម៉ឺនដុំ។ ការងាររុះរើផ្ទាំងថ្ម នៃប្រាសាទបុរាណចេញពីគំនរ ដែលធ្លាប់តែនៅក្នុងស្រះទឹកនាភាគខាងកើតឈៀងខាងជើង នៃប្រាសាទបាយ័ន គឺបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣ មកម៉្លេះ ដោយដំណាក់កាលដំបូងចាប់ផ្តើមពីការសិក្សាស្វែងរកឯកសារ ការសម្រង់ប្លង់ ថតរូបស្ថានភាពថ្មមុនពេលរើ ហើយក៏គ្រោង នឹងបញ្ចប់នៅខែសីហា ឬខែកញ្ញាខាងមុខនេះ ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ ភោគ ជា