លិចទូកបាឡាស្មាច់១គ្រឿង នៅខេត្តកំពង់ឆ្នាំង បាត់ខ្លួនមនុស្ស២នាក់
ខេត្តកំពង់ឆ្នាំង ៖ អភិបាលខេត្តកំពតឆ្នាំង បានឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បន្តស្វែងរកអ្នកបាត់ខ្លួន ដោយលិចទូក បាឡាស្មាច់ ០១គ្រឿង នៅខាងកើតកោះចាប ស្ថិតក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ដោយបាត់ខ្លួនមនុស្សចំនួន ០២នាក់ រកមិនទាន់ឃើញ។
សេចក្តីរាយការណ៍ ពីមន្ត្រីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងមួយមេយ៉ាងធំ លាយឡំនឹងខ្យល់កន្រ្តាក់ បណ្តាលឲ្យក្រឡាប់លិច ទូកបាឡាស្មាច់ ០១គ្រឿង នៅចំណុចខាងកើតកោះចាប ក្នុងភូមិសាស្ត្រឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ហេតុការណ៍នេះ បានបាត់ខ្លួនមនុស្ស ០២នាក់ និងម្នាក់ទៀតហែលរួច។
ជនរងគ្រោះទាំង ០៣នាក់ មានឈ្មោះ ៖
១. ឈ្មោះ រ៉េន រឹទ្ធ ភេទ ប្រុស អាយុ ៣០ឆ្នាំ ត្រូវជាប្ដីបាត់ខ្លួន
២. ឈ្មោះ អេង យីម ភេទស្រី អាយុ ៤៤ឆ្នាំ ត្រូវជាប្រពន្ធ បាត់ខ្លួន
៣. ឈ្មោះ ប៉ុន ភារម្យ ភេទ ប្រុស អាយុ ១៦ឆ្នាំ ត្រូវជាកូន បានហែលរួច។
សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះមានទីលំនៅ ក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ទាក់ទិនបញ្ហានេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល
ខេត្តកំពង់ឆ្នាំង បានណែនាំឲ្យ មន្ត្រីអាជ្ញាធរ សមត្ថកិច្ច រួមជាមួយបងប្អូនជនរងគ្រោះ បន្តស្វែងរកអ្នកបាត់ខ្លួន ជាបន្តទៀត ៕