ជំនាញជាអ្នកអភិរក្ស និងជួសជុល ព្យាបាលថ្មប្រាសាទបុរាណ ទាមទារការអត់ធ្មត់តស៊ូខ្ពស់
ខេត្តសៀមរាប ៖ ជំនាញអភិរក្ស និងជួសជុល ព្យាបាលថ្ម គឺជាការងារយ៉ាងច្បាស់លាស់មួយផ្សេងទៀត ក្នុងចំណោមជំនាញជាច្រើនដែលកំពុងតែធ្វើជាប្រចាំថ្ងៃ ក្នុងការជួយថែទាំ ជួសជុល និងការពារប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
អ្នកជំនាញវ័យក្មេងម្នាក់គឺ លោក សៅ រតនៈ ដែលកំពុងបំពេញការងារជួសជុលថ្មចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ បានចាត់ទុកថាជំនាញអភិរក្ស និងជួសជុល ព្យាបាលថ្មនេះ គឺទាមទារការអត់ធ្មត់យកចិត្តទុកដាក់ខ្ពស់បំផុត ប្រសិនបើគ្មានការអត់ធ្មត់ គឺវាមិនត្រឹមតែមិនអាចអភិរក្ស និងជួសជុលថ្មបុរាណ ដែលខូចខាតបានទេ ហើយវាប្រែក្លាយទៅជាការបំផ្លាញថ្ម ឬរូបចម្លាក់បុរាណនោះទៅវិញ។
លោក សៅ រតនៈ អាយុ ២៩ឆ្នាំ ជាអតីតសិក្ខាកាម ដែលធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាល «ជំនាញអភិរក្សថ្ម» ក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា ជាមួយក្រុមអភិរក្សថ្ម និងអង្គការ GIZ ចាប់ពីឆ្នាំ២០១៣ ដល់២០១៥ ហើយមានដើមកំណើតជាអ្នកសៀមរាប មានប្រសាសន៍ថា ការងារអភិរក្ស និងជួសជុល ព្យាបាលថ្ម ជួបនូវការលំបាកជាច្រើន ទាំងការផ្គុំថ្ម ការព្យាបាលថ្ម ការលាងសម្អាតថ្ម ព្រោះថ្មខ្លះមានការពុកផុយលើក្បាច់ ដោយវាទាមទារឱ្យចិត្តទុកដាក់ខ្លាំង។ ប្រសិនបើសម្អាតមិនត្រឹមត្រូវ គឺវាអាចធ្វើឱ្យបាត់បង់នូវក្បូរក្បាច់ដើម ហើយបានប្រែក្លាយទៅជាបំផ្លាញ របស់ទាំងនោះទៅវិញ។
បន្ថែមលើនេះ នៅតាមការដ្ឋានជួសជុលប្រាសាទនានា ទីតាំងខ្លះមានភាពតូចបង្អៀតមិនអាចឱ្យយកឧបករណ៍ ទៅជាជំនួយបានឡើយ ពិសេស ការលើកដាក់ថ្មធ្ងន់ៗ។ ដូច្នេះ ការអត់ធ្មត់ និងការយកចិត្តទុកដាក់បានជាលទ្ធផលយ៉ាងល្អប្រសើរ គឺជាចលករតែមួយគត់ ដែលអាចជំរុញនូវទឹកចិត្តឱ្យកាន់តែខ្លាំង នៅក្នុងការងារជួយដល់បុរាណវត្ថុទាំងឡាយ ឱ្យបានរឹងមាំឡើងវិញនោះ។
ក្នុងរយៈពេល ១០ឆ្នាំមកនេះ លោក សៅ រតនៈ បានរួមចំណែកធ្វើការងារអភិរក្ស និងជួសជុលប្រាសាទមួយចំនួន នៅក្នុងតំបន់អង្គរ រួមទាំងប្រាសាទនៅក្រៅតំបន់អង្គរផង។
លោក រតនៈ ឱ្យដឹងទៀតថា ដំបូងឡើយ រូបលោកហាក់ដូចជាមិនសូវចាប់អារម្មណ៍លើជំនាញអភិរក្ស និងជួសជុលថ្ម នោះឡើយ។ ប៉ុន្តែ បន្ទាប់ពីបានក្លាយជាសិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលជំនាញអភិរក្សថ្មមកទើបលោកដឹងថា ការងារអភិរក្សថ្ម ជាផ្នែកមួយនៃការថែទាំសម្បត្តិបេតិកភណ្ឌ ហើយក៏ចាប់ផ្តើមមានអារម្មណ៍សប្បាយចិត្ត និងមានមោទកភាព ដែលខ្លួនឯងបានក្លាយជាផ្នែកមួយ ក្នុងការជួយលើកស្ទួយ ក៏ដូចជា ថែទាំស្នាដៃដូនតាខ្មែរឱ្យបានគង់វង្សយូរអង្វែង សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។
អ្នកស្រី គី ស្រីណោះ ជាអ្នកខេត្តសៀមរាប និងអតីតសិក្ខាកាមចូលរួមរៀន ក្នុងវគ្គបណ្តុះបណ្តាលជំនាញអភិរក្សថ្ម ម្នាក់ទៀត ក៏បានឱ្យដឹងដែរថា អ្នកស្រីបានបម្រើការងារក្នុងវិស័យនេះរយៈពេលជាង១០ឆ្នាំមកហើយ។ អ្នកស្រី គី ស្រីណោះ មានប្រសាសន៍ថា អ្នកជំនាញអភិរក្សថ្មទាំងបុរស និងស្រ្តី គឺសុទ្ធតែចេះជំនាញគ្រប់ផ្នែកដូចគ្នា និងអាចធ្វើការងារគ្រប់យ៉ាងបានទាំងអស់។
អ្នកស្រីឱ្យដឹងថា ភាគច្រើនស្រីៗគឺច្រើនទទួលបន្ទុកការងារផ្តោតទៅលើការចងក្រងឯកសារ ដូចជា សម្រង់ប្លង់មុន និងក្រោយពេលជួសជុល ព្រមទាំងតាមដានគ្រប់ដំណាក់កាលនៃការរើរុះថ្មដើម្បីកុំឱ្យមានភាន់ច្រឡំដោយប្រការណាមួយជាដើម។ ការងារនេះ ថ្វីត្បិតតែមិនសូវប្រើកម្លាំងដូចក្រុមការងារបុរសក៏ពិតមែន តែក៏មានការលំបាក និងត្រូវចេះបត់បែន ដូចជា ទីតាំងខ្លះបាត់ថ្ម យើងត្រូវការបង្កើតថ្មី ទាមទារឱ្យមានការអត់ធ្មត់ និងសហការនៅក្នុងក្រុមផង។ អ្នកស្រី ស្រីណោះ បញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញអភិរក្សថ្ម ក៏បានផ្តល់ចំណេះដឹងឱ្យគ្រប់សិក្ខាកាម នូវចំណេះដឹងលើប្រភេទថ្ម និងប្រវត្តិសាស្រ្តដែរ ដែលជំរុញទឹកចិត្តឱ្យកាន់តែស្រលាញ់បន្ថែមទៀត ហើយ លោកស្រី ក៏ចង់ឱ្យចំណេះជំនាញផ្នែកអភិរក្សថ្មផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដល់សាធារណជន ដើម្បីបណ្តុះគំនិតឱ្យពួកគាត់ស្រឡាញ់ និងបានចូលរួមអភិរក្សគ្រប់រូបភាពជាមួយអ្នកជំនាញ។
បច្ចុប្បន្ននេះនៅកម្ពុជា គឺមានក្រុមអ្នកជំនាញអភិរក្ស និងជួសជុលថ្មប្រាសាទបុរាណចំនួនតិចតួចនៅឡើយ។ អាជ្ញាធរជាតិអប្សរា កំពុងសហការជាមួយស្ថាប័ន GIZ អាល្លឺម៉ង់ ក្នុងការបណ្ដុះបណ្ដាលជំនាញនេះលើកូនខ្មែរជំនាន់ក្រោយមួយចំនួនថែមទៀត ដើម្បីឈានទៅរកការបង្កើនធនធានមនុស្សផ្នែកនេះ ឱ្យកាន់តែសំបូរឡើងនៅពេលអនាគតឆាប់ៗ៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា