នៅពាក់កណ្ដាលឆ្នាំ២០២៤ កម្ពុជា នឹងមានអ្នកជំនាញ ផ្នែកអភិរក្សថ្មប្រាសាទបុរាណ កើនចំនួនឡើងថែមទៀត
ខេត្តសៀមរាប ៖ ក្រុមអ្នកជំនាញមកពីស្ថានប័ន GIZ នៃប្រទេសអាល្លឺម៉ង់ កំពុងខិតខំយ៉ាងខ្លាំង ក្នុងការជួយបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមខ្មែរ ចំនួន២០រូប ដើម្បីឱ្យក្លាយទៅជាអ្នកជំនាញ ផ្នែកអភិរក្សថ្មប្រាសាទបុរាណ នៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅពេលអនាគតខាងមុខ។
គ្រូបង្រៀនជនជាតិអាល្លឺមង់ កញ្ញា Helen Jacobsen មានប្រសាសន៍ក្នុងពេល នាំសិក្ខាកាមចុះអនុវត្តន៍ផ្ទាល់នៅការដ្ឋានថា កញ្ញាកំពុងប្រឹងប្រែងបង្រៀនកូនខ្មែរ ឱ្យចេះលាងសម្អាតថ្មប្រាសាទបុរាណ ចេះបន្សាបជាតិអំបិលចេញពីថ្ម ព្រមទាំងចេះជំនាញពង្រឹងថ្មប្រាសាទបុរាណ ឱ្យរឹងមាំឡើងវិញផង។
កញ្ញា Helen Jacobsen មានប្រសាសន៍ទៀតថា ជំនាញអភិរក្សថ្មប្រាសាទបុរាណនេះ មានដូចជា៖ ការលាងសម្អាតថ្មដោយប្រើទឹក និងការលាងដោយប្រើសារជាតិគីមីជាដើម។ សិក្ខាកាមខ្មែរចំនួន ២០រូប ដែលជ្រើសរើសចេញពីបុគ្គលិក និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរា មកពីតាមបណ្ដាផ្នែកនានានោះ កំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់លើជំនាញអភិរក្សថ្មនេះ រយៈពេលជាង ០១ឆ្នាំមកហើយ។
ស្ថាប័ន GIZ អាល្លឺម៉ង ឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២នេះ មានកម្មវិធីដែលត្រូវសិក្សាទាំងអស់ចំនួន១៣។ បច្ចុប្បន្ននេះ ក្រុមសិក្ខាកាម បានសិក្សាដល់កម្មវិធីទី៧ហើយ។ ហើយ ស្ថាប័ន GIZ អាល្លឺម៉ង់ រំពឹងថា នៅអំឡុងពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២ អាចនឹងបញ្ចប់ ហើយនៅពេលអនាគតខ្មែរ នឹងមានអ្នកជំនាញផ្នែកអភិរក្សថ្ម ប្រាសាទបុរាណបានកើនឡើងមួយចំនួនថែមទៀត។
មន្ត្រីបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក រីក រ៉េត ឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលជំនាញ ផ្នែកអភិរក្សថ្មប្រាសាទបុរាណ ដែលមានរយៈពេលជាង ២ឆ្នាំនេះ គឺជាកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ន GIZ អាល្លឺម៉ង់ជាមួយ និងនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា។ លោក រីក រ៉េត យល់ថា វគ្គបណ្ដុះបណ្ដាលនេះ មានសារសំខាន់យ៉ាងខ្លាំង ដែលអាចផ្ដល់អត្ថប្រយោជន៍ដល់សិក្ខាកាមទាំងឡាយឱ្យយកចំណេះដឹងទាំងនេះទៅប្រើប្រាស់លើការងារថែរក្សា និងការពារប្រាសាទបុរាណនៅតាមកន្លែងផ្សេងៗ សម្រាប់ពេលអនាគត ហើយពួកគេក៏អាចផ្សព្វផ្សាយជំនាញនេះទៅកាន់កូនខ្មែរជំនាន់ក្រោយ ឱ្យចេះដឹងកាន់តែទូលំទូលាយផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ស្ថាប័ន GIZ អាល្លឺម៉ង់ ធ្លាប់បាន សហការជាមួយអាជ្ញាធរជាតិអប្សរា បើកវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម ប្រាសាទបុរាណនេះម្ដងមកហើយ ដោយសិក្ខាកាមជំនាន់ទី១នោះ បានក្លាយទៅជាក្រុមអ្នកជំនាញខ្មែរ និងកំពុងយកជំនាញទាំងនេះ ទៅអនុវត្តន៍ការងារនៅតាមប្រាសាទបុរាណនានាយ៉ាងត្រឹមត្រូវ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ ភោក ជា