គ្រោះថ្នាក់ចរាចរណ៍បន្តកើតមាន លើផ្លូវល្បឿនលឿន មន្ត្រីជំនាញអំពាវនាវដល់អ្នកបើកបរ ត្រូវប្រុងប្រយ័ត្ន
ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានបឋមមកថា មានករណីរថយន្តសេរីទំនើបមួយគ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤៤ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។
សាក្សីឃើញហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានបញ្ជាក់ថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះ បើកបរក្នុងទិសដៅ ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ។
តាមការកត់សម្គាល់ ជាបន្តបន្ទាប់មកនេះ គេសង្កេតឃើញថា នៅលើផ្លូវល្បឿនលឿន តែងកើតមានគ្រោះថ្នាក់ចរាចរណ៍ និងឆេះរថយន្តសេរីទំនើបៗជាញឹកញាប់ និងបណ្តាលឲ្យមានការខូចខាតរថយន្ត និងរងរបួសមនុស្សជាច្រើនករណីចាប់តាំងពី ផ្លូវល្បឿនលឿននេះ បានបើកឲ្យដំណើរការ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២រួចមក។
ផ្តើមពីបញ្ហានេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកបើកបរ ត្រូវមានការប្រុងប្រយ័ត្ន និងបើកបរត្រូវគោរពតាមច្បាប់ចរាចរណ៍ ឲ្យបានទាំងអស់គ្នា ជាពិសសការប្រើប្រាស់ល្បឿន ប្រយោជន៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដែលអាចនឹងកើតមានឡើង ៕