ផ្ទុះអាវុធមួយប្រាវ នៅច្រកទ្វារអន្តរជាតិភ្នំដឹន ជាមួយគយចល័ត ឃាត់ខ្លួននាយរងនគរបាលសេដ្ឋកិច្ចម្នាក់
ខេត្តតាកែវ ៖ កម្លាំងនគរបាល ផ្នែកសេដ្ឋកិច្ចម្នាក់ ប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដឹន ស្រុកគីរីវង់ ខេត្តតាកែវ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួន បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីសួរនាំ ក្រោយផ្ទុះអាវុធ ជាមួយគយចល័ត នៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅក្បែរច្រកទ្វារអន្តរជាតិភ្នំដឹន។
សាក្សីឃើញហេតុការផ្ទុះអាវុធ បានឲ្យដឹងថា មុនពេលកើតហេតុ ទំនងជាអាចមានការកាចកុងគ្នា រវាងគយចល័ត និងមន្ត្រីនគរបាលសេដ្ឋកិច្ច ប្រចាំការនៅច្រកទ្វារព្រំដែនខាងលើ ព្រោះឃើញមានរថយន្តដឹកទំនិញ សំពីងសំពោងជាច្រើនគ្រឿងបានឈប់បន្តកន្ទុយគ្នា នៅក្បែរកន្លែងផ្ទុះអាវុធនោះ។
សាក្សីបញ្ជាក់ថា ទំនងអាចសង្ស័យខាងមន្ត្រីនគរបាលសេដ្ឋកិច្ច ជាអ្នកកាងរថយន្តដឹកទំនិញទាំងនោះ ហើយគេចមិនព្រមបង់ពន្ធទៅឲ្យគយចល័ត ទើបកើតជាជម្លោះផ្ទុះអាវុធ ទៅលើមន្ត្រីគយចល័ត។
ក្រោយកើតហេតុ គឺមានរថយន្តដឹកទំនិញចំនួន ០៦គ្រឿង ត្រូវបានជំនាញនាំយកមករក្សាទុក នៅស្នាក់ការគយ និងរដ្ឋាករខេត្តកែវ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
ទាក់ទិនបញ្ហានេះ លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ បានឲ្យដឹងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ថា ពិតជាមានមន្ត្រីនគរបាលសេដ្ឋកិច្ចប្រចាំការ នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដឹន បានផ្ទុះអាវុធ មកលើមន្ត្រីគយចល័យពិតមែន ដោយមន្ត្រីនគរបាលសេដ្ឋកិច្ចរូបនោះ ជាអ្នកកាងរថយន្តដឹកទំនិញពេលយប់។
លោកបន្តថា ចំពោះនាយរងការិយាល័យសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ ដែលត្រូវបានឃាត់ខ្លួននោះ ឈ្មោះ ណុប សំបូរ ភេទប្រុស អាយុ ៣១ឆ្នាំ ហើយត្រូវឃាត់ខ្លួន ក្នុងករណីបទល្មើសជាក់ស្តែង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ រួមជាមួយវត្ថុតាងកាំភ្លេីងខ្លីម៉ាក GLOCK លេខ DZH980 គ្រាប់កាំភ្លេីងចំនួន ១៥គ្រាប់ (គ្រាប់ពណ៌ទឹកប្រាក់ចំនួន ១០គ្រាប់) បង់កាំភ្លេីងចំនួន០១ និងរថយន្ត ០១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BY-9899។
លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេន ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ បានឲ្យដឹងដែរថា ករណីផ្ទុះអាវុធខាងលើនេះ សមត្ថកិច្ចជំនាញ របស់លោក បានរៀបចំសំណុំរឿង បញ្ជូនទៅកាន់តុលាការបន្តនីតិវិធីតាមច្បាប់៕ ប្រភព ៖ វណ្ណា ព័ត៌មានតាកែវ