សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំពិព័រណ៍​វត្ថុសិល្បៈ​៣ប្រភេទ ដែលទទួលបានពីប្រជាពលរដ្ឋ ​រយៈពេលមួយឆ្នាំពេញ​ ចាប់​ពី​ខែកក្កដាតទៅ​

ខេត្តសៀមរាប ៖ មន្ត្រីថ្នាក់ដឹកនាំសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំពិព័រណ៍ បានឲ្យដឹងថា សារមន្ទីរ នឹង​បង្ហាញអំពីវត្ថុសិល្បៈចំនួន ៣ប្រភេទ ដែលទទួលបានពីប្រជាពលរដ្ឋ ក្នុងរយៈពេលមួយឆ្នាំពេញ ដោយចាប់ផ្តើមពី​ដើមខែកក្កដា ឆ្នាំ២០២៣នេះតទៅ។

លោក ខួយ សាវឿត នាយកស្តីទី នៃសារមន្ទីរ​ព្រះនរោត្តមសីហនុ-អង្គរ បាន​ឲ្យដឹងថា ចាប់​ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ​រហូតដល់​ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ​២០២៤ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍ បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទទៀត ដែលប្រជាពលរដ្ឋ រស់នៅក្នុងតំបន់អង្គរ បាន​ប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញ​ជូនសាធារណជនចូលទស្សនា សិក្សាស្វែងយល់ រយៈពេលមួយឆ្នាំពេញ។

លោកបន្តងថា ក្រោយពេលសារមន្ទីរទទួលបានការបរិច្ចាគ វត្ថុសិល្បៈទាំងនេះ ពីប្រជាពលរដ្ឋ មកថែរក្សា និងអភិរក្ស គឺសារមន្ទីរនឹងរៀបចំ​ពិព័រណ៍ ដើម្បីបង្ហាញសាធារណជន ​នៅដើមខែកក្កដា​ខាងមុខ​ ដោយដាក់តាំង​បង្ហាញ កុលាលភាជន៍ ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹង មានស្រទាប់រលោង​ពណ៌ត្នោត និង​ពណ៌បៃតង ដោយភាជន៍ទាំងនេះ ត្រូវគេដុតក្នុងឡ​កំដៅ ចន្លោះពី ១,០០០ ទៅ១,២០០អង្សាសេ។ ហើយ ភាជន៍ទាំង១៦នេះ មានប្រភពមកពីភូមិចំនួន៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

លោក ខួយ សាវឿត ឲ្យដឹងដូច្នេះ រួចបន្តថា ក្រៅពីកុលាលភាជន៍ និងវត្ថុសិល្បៈមួយចំនួន ស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ហើយជាវត្ថុសក្ការៈ សម្រាប់បញ្ចុះនៅតាម​ប្រាសាទ រួមទាំងវត្ថុសិល្បៈ ដែលទទួលបានពីវត្តអារញ្ញរង្សី ដោយប្រភេទវត្ថុសិល្បៈទាំងនេះ មានអាយុកាលខុសៗគ្នា និងមានប្រភពផ្សេងៗគ្នា។  ដូច្នេះ សូម​សាធារណជន សិស្សានុសិស្ស និសិ្សត លោកគ្រូអ្នកគ្រូ និងអ្នកស្រាវជ្រាវ អាចអញ្ជើញមកសិក្សាស្វែងយល់ឲ្យ​​កាន់តែច្បាស់ ​អំពីប្រវត្តិ នៃវត្ថុសិល្បៈទាំងនោះ ដោយមាន​មន្ត្រីជំនាញធ្វើបទបង្ហាញជូន អំពីព័ត៌មានថ្មីៗ ទាក់ទងនិងការស្រាវជ្រាវ ការប្រតិបត្តិសាសនា វិស័យពាណិជ្ជកម្ម និងការចូលរួមចំណែក របស់ប្រជាជន ក្នុងការថែរក្សាវត្ថុបុរាណ និងសម្បត្តិបេតកភណ្ឌជាតិប្រកបដោយនិរន្តរភាព។ ហើយ​ពិធីតាំង​ពិព័រណ៍​នេះ នឹងចាប់ផ្តើមពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះតទៅ។

សូមជម្រាបផងថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការ តាំងពីឆ្នាំ២០០៨មក ដោយមានថែរក្សា និងអភិរក្ស វត្ថុសិល្បៈពីបុរាណជាច្រើន ដែល​បានមកពីការធ្វើកំណាយស្រាវជ្រាវនានា យកមករក្សាទុកនៅទីនេះ។ សារមន្ទីរនេះ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ហើយ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង ៨ និង៣០នាទីព្រឹក ដល់ម៉ោង ៤ និង​៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖ ០៦៣ ៧៦៣ ៥៧៥៕

អត្ថបទ៖នាយកដ្ឋាន៖ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក រ៉ុង អង្គររ៉ែល និងលោក ភោគ ជា

អត្ថបទដែលជាប់ទាក់ទង