ក្រុមអាជីវករ បន្តព្រួយបារម្ភចំពោះបទល្មើស ចាប់បង្ខាំងមនុស្ស​ជំរិតទារប្រាក់ បង្កដោយក្រុមសង្គមងងឹតជនជាតិចិន នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ​ ក៏ដូច​ជាអ្នក​ជំនួញជាតិ-អន្តរជាតិ បាន​បង្ហាញការ​ព្រួយបារម្ភជាថ្មីទៀត ចំពោះ​បទ​ល្មើស​ចាប់​​បង្ខាំងមនុស្សជំរិត​ទារប្រាក់ ផ្តើម​ដោយជនសង្គមងងឹតជនជាតិចិន ដែលបន្ត​ធ្វើសកម្មភាព​យ៉ាងសកម្ម ​ក្នុង​ក្រុង​ព្រះសីហនុ ​​បង្កការភ័យខ្លាចដល់​អាជីវករ ​កំពុង​ប្រកបមុខរបរស្របច្បាប់ នៅក្នុងមូលដ្ឋាន​នេះ។

ការព្រួយបារម្ភនេះ បានកើតឡើងបន្ទាប់ពី កាលពីយប់ថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ​២០២៣ វេលាម៉ោង ០៩ និង៣០នាទី មានករណី​បទល្មើស ចាប់​បង្ខាំងមនុស្សធ្វើទារុណកម្មជំរិតទារប្រាក់មួយករណី​ទៀត បង្កដោយក្រុមសង្គមងងឹត​ជនជាតិចិន មានគ្នាប្រមាណ ៤ទៅ៥នាក់ បានធ្វើសកម្មភាព​ចាប់បង្ខាំងបុរស​អ្នកជំនួញជន​ជាតិ​ចិន​ម្នាក់ ​​ធ្វើទារុណកម្មលើរាងកាយ រួចបង្ខំ​ឲ្យ​ជន​រងគ្រោះ ទូរស័ព្ទទៅសាច់ញាតិ ឲ្យយកលុយចំនួន ១២ម៉ឺនដុល្លារអាមេរិក មកឲ្យពួកគេ ជាថ្នូរដោះលែង​​ឲ្យមានសេរីភាពវិញ។

ជនរងគ្រោះ​ ត្រូវបានជនសង្ស័យ ចាប់​បង្ខាំង​ខ្លួននៅក្នុងបន្ទប់លេខ​៦១៣ ជាន់ទី៦ នៃអគារ​ក្រុមហ៊ុន ហ្សុងស៊ីង ​ស្ថិតក្នុង​ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ត​ព្រះសីហនុ។ ហើយភ្លាមៗបន្ទាប់ពីទទួលបាន​ព័ត៌មាន​តាមទូរស័ព្ទពីជនរងគ្រោះ គឺ​បងជីដូនមួយជនរងគ្រោះ ដែលជាជាអ្នកជំនួញ​ជនជាតិចិនដូចគ្នា ហើយ​មានភរិយាជាជនជាតិខ្មែរ​​ រស់នៅក្រុងព្រះសីហនុ បានប្តឹងទៅកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ឲ្យជួយអន្តរាគមន៍ចុះបង្ក្រាប និងសង្គ្រោះជនរងគ្រោះ ​នៅម៉ោងជាង ២​កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២៣។

ជនរងគ្រោះមានឈ្មោះ ជាង ម៉ីង ហ៊ួយ (JIANG MING HUI) ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មុខរបរអាជីវករ ស្នាក់នៅ​សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

​​ក្រោយ​បានជួយសង្គ្រោះរួចផុត ពីការបង្ខាំងធ្វើទារុណកម្មដោយក្រុមជនល្មើស ជនរងគ្រោះ ឈ្មោះ ជាង ម៉ីង ហ៊ួយ (JIANG MING HUI) ថ្លែងថា រូបគាត់មានអារម្មណ៍ភ័យខ្លាចពីសុវត្ថិភាព ក្នុងការបន្តប្រកបមុខរបរ របស់ខ្លួន ក្នុងក្រុងព្រះសីហនុតទៅទៀតនាថ្ងៃអនាគត ព្រោះ​បារម្ភខ្លាច ក្រុម​សង្គមងងឹត ដែលមានខ្សែបណ្តាញ នៅក្នុងក្រុងនេះ នឹងអាចធ្វើសកម្មភាពចាប់បង្ខាំងរូបលោក ​នៅថ្ងៃខាងមុខទៀត។

​យ៉ាងនេះក្តី ​​កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ​​ជនរងគ្រោះរូបនេះ បានដាក់ពាក្យ​បណ្ដឹងទៅកាន់ បញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយ​បញ្ជាក់ក្នុង​កម្មវត្ថុ​ថា «សុំប្ដឹង​ឈ្មោះ ស៊ើ អ៉ិ (SHI YI) ភេទប្រុស ជនជាតិចិន។ បច្ចុប្បន្នស្នាក់នៅ​ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងបក្ខពួក ជនជាតិចិនចំនួន ៤នាក់ទៀត»។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទសូមជម្រាបជូន លោកមេបញ្ជាការ មេត្តាជ្រាបថា នៅម៉ោង ២១ និង៣០នាទី យប់​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ​ ឈ្មោះ ស៊ើ អ៉ិ (SHI YI) បានហៅខ្ញុំ ទៅពិភាក្សាការងាររកស៊ី នៅ​បន្ទប់លេខ៦១៣ ជាន់ទី៦ នៃអគារ ក្រុមហ៊ុន ហ្សុងស៊ីង ​មានទីតាំងស្ថិត​​ក្នុង​ភូមិ៣ សង្កាត់លេខ៣ ក្រុង​​​ព្រះសីហនុ​។ ពេលរូបខ្ញុំ ចូលពិភាក្សាជាមួយឈ្មោះ ស៊ើ អ៉ិ (SHI YI) បានបន្ដិច ក៏ស្រាប់​​តែឈ្មោះ ស៊ើ អ៉ិ (SHI YI) ដើរចេញទៅក្រៅបន្ទប់ ហើយក្រោយមក ក៏ឃើញគេដើរចូលមកក្នុងបន្ទប់វិញ។ ហើយរូបខ្ញុំ​ និងឈ្មោះ ស៊ើ អ៉ិ (SHI YI) ក៏បន្តការពិភាក្សា​គ្នាបន្ត​ទៀត។  ប៉ុន្តែក្នុងពេលកំពុង​ជជែកគ្នានេះ ក៏ស្រាប់តែ ឈ្មោះ ស៊ើ អ៉ិ (SHI YI) បានដើរទៅក្រៅបន្ទប់ជាថ្មី​ទៀត គឺចេញទៅមួយសន្ទុះធំ ហើយពេល​ត្រឡប់មកវិញ ក៏ឃើញមានបក្ខពួក​ចំនួន ៤នាក់ទៀត ជាជនជាតិចិន ចូលមកក្នុងបន្ទប់ពិភាក្សាការងារ​ជាមួយគ្នាដែរ។ ​បន្ទាប់មក បក្ខពួក របស់ឈ្មោះ ស៊ើ អ៉ិ (SHI YI) ទាំង ៤នាក់នោះ ក៏បានព្រួតគ្នាវាយធ្វើបាប រូបខ្ញុំ​ ដោយប្រើដៃ និងយកប៉ាន់តែ វាយក្បាល របស់ខ្ញុំ បែកក្បាលហូរឈាមដេរ​ ១២ថ្នេរ និង​ឈឺ​ចុក​ពេញរាងកាយ។ ហើយភ្លាមៗនោះ ឈ្មោះស៊ើ អ៉ិ (SHI YI) ក៏បានបង្ខំឲ្យរូបខ្ញុំ​ សរសេរកិច្ចសន្យាខ្ចីប្រាក់ ព្រមទាំងថតវីដេអូ អំពីសកម្មភាព របស់ខ្ញុំ​ ផងដែរ។

ជនរងគ្រោះ​រៀបរាប់ក្នុងបណ្តឹងបន្តទៀតថា បន្ទាប់ពីបក្ខពួក ឈ្មោះ ស៊ើ អ៉ិ (SHI YI) ​ប្រើហិង្សា និងថតវីដេអូ លើរូបខ្ញុំរួច គឺ​ជនជាតិចិន ៤នាក់នោះ ក៏ចាប់ផ្ដើមទារប្រាក់ពីខ្ញុំ​ ចំនួន​ ១២ម៉ឺនដុល្លារ (ដប់ពីរម៉ឺនដុល្លារ)​ ជាថ្នូរនៃការដោះលែងខ្ញុំបាទ។ ហើយពួកគេ បានគម្រាមខ្ញុំថា បើសិន​ខ្ញុំ​ មិនមានប្រាក់ឲ្យ​​ទេ​ ពួកគេនឹងសម្លាប់ខ្ញុំ​ រួចពួកគេទាំង ៤នាក់ បានដកហូតយកទូរស័ព្ទ​ដៃ របស់ខ្ញុំ​ លុបទិន្នន័យ ដែលខ្ញុំ បានទាក់ទងជាមួយឈ្មោះ ស៊ើ អ៉ិ (SHI YI) និងទិន្នន័យ អ៊ែប (APP) នៅក្នុងទូរស័ព្ទដៃ របស់ខ្ញុំ​ ចោល​ទាំងអស់។

ជនរងគ្រោះបន្តទៀតថា បន្ទាប់ពីជនល្មើសទាំងនោះ បានលុបទិន្នន័យអស់ហើយ ពួកគេ ក៏បានហុចទូរស័ព្ទដៃមកឲ្យខ្ញុំវិញ ដើម្បីឲ្យទាក់ទង​រកប្រាក់ឲ្យពួកគេ​។ គ្រាន់តែខ្ញុំបាទ ទទួលបាន​ទូរស័ព្ទ ខ្ញុំ ​​ក៏បានទាក់ទងទៅបងប្រុសជីដូនមួយ របស់ខ្ញុំ ឈ្មោះ អាង ហ៊ួយ (HAUNG HUI) ជនជាតិចិន ដើម្បីឲ្យគាត់មកជួយរូបខ្ញុំ​។ ហើយ រហូតដល់ម៉ោង ២ និង៣៤នាទី ថ្ងៃទី២២ ខែមិថុនា ក៏​ឃើញបងជីដូនមួយឈ្មោះ អាង ហ៊ួយ (HAUNG HUI) និងប្រពន្ធរបស់គាត់​​ ដែលជាជនជាតិខ្មែរ បានចុះមកដល់ទីតាំង ក្រុមហ៊ុន ហ្សុងស៊ីង និងបាន​ជួយរំដោះ រូបខ្ញុំ ចេញពីបន្ទប់ធ្វើទារុណកម្ម​។

ជនរងគ្រោះបញ្ជាក់បន្តថា ក្នុងអំឡុងពេល​បក្ខពួក ឈ្មោះ ស៊ើ អ៉ិ (SHI YI) នាំគ្នា​វាយធ្វើ​បាប​លើរូបខ្ញុំ​ គឺឈ្មោះ ស៊ើ អ៉ិ (SHI YI) មិនបានចូលរួមប្រើហិង្សាលើខ្ញុំទេ ដោយជននេះ ជាអ្នកបញ្ជា និងឈរមើលគេវាយធ្វើបាបលើរូបខ្ញុំ​ ហើយ​ពេលបក្ខពួក យកទូរស័ព្ទដៃ របស់ខ្ញុំ​​ លុបទិន្នន័យចោល ក៏ឈ្មោះ ស៊ើ អ៉ិ (SHI YI) នៅក្នុងបន្ទប់នោះដែរ។

ទាក់ទិនសំណុំរឿងនេះ សាច់ញាតិជនរងគ្រោះ ឲ្យដឹងថា បន្ទាប់ពីជនរងគ្រោះ បានដាក់​ពាក្យបណ្ដឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ​រួច​ គឺជនរងគ្រោះ ​ត្រូវបានក្រុមគ្រួសារ​សាច់ញាតិ បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរ​ពេទ្យ ក្នុងទីក្រុងភ្នំពេញ ​ព្រោះ​ជនរងគ្រោះ​មានអាការៈ​ក្អួត ហើយបដិសេធមិនព្រមព្យាបាលពេទ្យ នៅក្នុង​ក្រុងព្រះសីហនុទេ ដោយ​បារម្ភពីសុវត្ថិភាព។

មន្រ្តី​កងរាជអាវុធហត្ថខេត្តព្រះសីហនុ ស្នើមិនបង្ហាញអត្តសញ្ញាណម្នាក់ បានឲ្យដឹងថា សំណុំរឿងបង្ខាំងមនុស្សជំរិតទារប្រាក់នេះ គឺកម្លាំងជំនាញ បានចាប់ខ្លួន​ជនសង្ស័យឈ្មោះ ស៊ើ អ៉ិ (SHI YI) ដែលជាមេខ្លោង​តែម្នាក់ទេ ដោយបក្ខពួក ៤នាក់ទៀត ដែលជនរងគ្រោះបានប្តឹងដែរ គឺ មិនទាន់បានចាប់ខ្លួននៅឡើយ​។ ប្រភពបន្តថា​ ក្រោយសួរចម្លើយ មេក្លោងរូបនេះ​ បានឆ្លើយសារ​ភាព​ តបទៅ​ពាក្យបណ្ដឹង របស់ជនរងគ្រោះថា ក្នុងហេតុការណ៍ខាងលើ គឺរូបគេជាអ្នកប្រព្រឹត្តតែម្នាក់ឯង ដោយពុំមានបក្ខពួកណាចូលរួមនោះ​ទេ។

ប្រភពបន្តទៀតថា ជនសង្ស័យ ឈ្មោះ ស៊ើ អ៉ិ (SHI YI) ​​​​ត្រូវបានកម្លាំង​​កងរាជអាវុធហត្ថព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តព្រះសីហនុ​ កាលពីថ្ងៃទី២៥ ខែមិថុនា ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់​។ ហើយ​សំណុំរឿងនេះ ក៏ត្រូវ​បានអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សម្រេចចោទប្រកាន់មេខ្លោងរូបនេះពីបទ «ចាប់មនុស្សឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស»។

យ៉ាងណាក៏ដោយចុះ​ សំណុំរឿងនេះ ​ គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបញ្ជាក់បន្ថែមបានទេ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ខណៈ លោក ធុច បញ្ចសន្តិភាព ​​អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ​ក៏មិនលើកទូរស័ព្ទ និងមិនព្រមឆ្លើយតបតាមប្រព័ន្ធតេឡេក្រាម (Telegram) ​ ដោយគ្រាន់តែបើកមើលសំណួរ ប៉ុន្តែគ្មានការឆ្លើយតប​៕ ​

 

អត្ថបទដែលជាប់ទាក់ទង