ស្ថាបត្យករ លូ​ បានហាប់ អ្នកស្ថាបនារាជធានីភ្នំពេញ ទទួលមរណភាពហើយ ក្នុងជន្មាយុ៩២ឆ្នាំ

រាជធានី ភ្នំពេញ ៖ ប្រព័ន្ធ ផ្សព្វផ្សាយមួយចំនួន បានចុះផ្សាយថា លោកព្រឹទ្ធាចារ្យមហាស្ថាបត្យករ លូ បានហាប់ បានទទួលមរណភាពហើយ នៅម៉ោង ១៦និង១៥នាទីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

ដំណឹងនេះ គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ របស់​ប្រជាជាតិកម្ពុជា ដែលមានតម្លៃកាត់ថ្លៃមិនបាន។

ក្នុងសម័យសង្គមរាស្រ្តនិយម លោកជាស្ថាបត្យករមួយរូប ដែលបានគូរប្លង់ និងចូលរួមកសាង សណ្ឋាគារ ខេមបូឌីយ៉ាណា, រាជដំណាក់ព្រះគន្ធបុប្ផា នៅក្នុងវិមានរដ្ឋចម្ការមន, អាគារសាលាខេត្តកណ្តាល , មហោស្រពចេនឡា, អគារប៊ូឌីង, វិទ្យាល័យទួលស្វាយព្រៃ, មណ្ឌលកីឡាខេត្តបាត់ដំបង , អាគារសាកលវិទ្យាល័យភូមិន្ទកំពង់ចាម , ព្រះរាជដំណាក់លើភ្នំគិរីរម្យជាដេីម។

គុណសម្បត្តិដ៏សំខាន់មួយទៀត កាលពីឆ្នាំ១៩៦០ សម្តេចព្រះនរោត្តមសីហនុ ចេញព្រះរាជបញ្ជាចាត់តាំងឲ្យ លោកដឹកនាំបង្កើតមន្ទីរសាងសង់លំនៅដ្ឋាន និងរៀបចំគំរោងប្លង់ នៃសាលារាជធានីភ្នំពេញ ដោយលោកអភិបាលរាជធានី ទេព ផន បានផ្តល់ឲ្យលោក នូវសេរីភាពពេញទីដើម្បីធ្វើទំនើបកម្មគំរោងរៀបចំទីក្រុង។ រូបលោកជា​មួយ បុគ្គលិក ១២នាក់ បានគ្រប់គ្រងអ្វីគ្រប់យ៉ាង រាប់តាំពីនគរូបនីយកម្ម ដល់ការរចនានិងថែរក្សាសួនច្បារសាធារណៈ ការគ្រប់គ្រងសំណល់ ភ្លើងបំភ្លឺតាមចញ្ចើមផ្លូវ ការផ្គត់ផ្គង់ថាមពល និងការអនុញ្ញាត ការសាងសង់។ រាជធានីដ៏ចំណាស់មួយ ដែលជាបេះដូងនៃជាតិ បានប្រែមុខមាត់ថ្មី ក្រោមការដឹកនាំ របស់លោក។

ស្ថាបត្យករខ្មែរដ៏ល្បីមួយរូបនេះ មានមនុស្សភាគច្រើន មិនសូវស្គាល់ លោក លូ បានហាប់ មានស្រុកកំណើតនៅ ខេត្តកំពង់ចាម ជាបងប្អូនជីដូនមួយជាមួយ លោក វណ្ណ មូលីវណ្ណ៕

អត្ថបទដែលជាប់ទាក់ទង