និស្សិតន័រតុន២៣០នាក់ ចុះទស្សនកិច្ចសិក្សា នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

ខេត្តសៀមរាប ៖ សាកលវិទ្យាល័យន័រតុន បានដឹកនាំនិស្សិតផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យាឆ្នាំទី៤ ចំនួន ២៣០នាក់ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរ វាយនភណ្ឌប្រពៃណីអាស៊ី កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីស្វែងយល់ពីការរៀបចំពិព័រណ៍ផលិតផលសូត្រ មកពីបណ្ដាប្រទេស នៅតាមដងទន្លេមេគង្គ រួមមាន៖ ឥណ្ឌា កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម។

សាស្ត្រាចារ្យ គាត តូប៊ី មកពីសាកលវិទ្យាល័យន័រតុន ផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា ដែលបានចូលរួមដឹកនាំនិស្សិតមកធ្វើទស្សនកិច្ចសិក្សាបានឱ្យដឹងថា ការមកធ្វើទស្សនកិច្ចនៅសារមន្ទីរ វាយនភណ្ឌប្រពៃណីអាស៊ីនេះ គឺពាក់ព័ន្ធជាមួយនឹងផ្នែកស្ថាបត្យកម្ម លើការសិក្សាគម្រោងប្លង់ទូទៅ មានដូចជា៖ សារមន្ទីរ អគារសាធារណៈជាដើម ជាពិសេស ទីតាំងនេះ ជាសារមន្ទីរមួយ ដែលបានដាក់តាំង នូវសម្លៀកបំពាក់សមុច្ច័យមកពីប្រទេសចំនួន ៦ផ្សេងគ្នា ដែលបានធ្វើឱ្យលោកចាប់អារម្មណ៍ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី របស់ប្រទេសនីមួយៗ តាមដងទន្លេមេគង្គ។

សាស្ត្រចារ្យ បន្តទៀតថា និស្សិតស្ថាបត្យកម្ម ត្រូវសិក្សាស្វែងយល់ឱ្យបានទូលំទូលាយគ្រប់ទម្រង់ ព្រោះពេលនិស្សិតសិក្សាគម្រោងត្រូវយល់ដឹង ឱ្យបានច្រើនពីសារមន្ទីរ ដែលទាក់ទងនិងវប្បធម៌ ទាក់ទង និងសម្លៀកបំពាក់ ហើយក៏ត្រូវយល់ដឹងពីចរិតលក្ខណៈ នៃការដាក់តាំងដែរ។ និស្សិតគួរយល់ដឹងពីមុខងារនៃលំហរ នៃការតាំង យល់ពីគំនិត នៃបង្កើតសារមន្ទីរ បុព្វហេតុ នៃការកកើតសារមន្ទីរ។ល។

កញ្ញា ឃាង ហ៊ុយសៀង និស្សិតសាកលវិទ្យាល័យន័រតុនឆ្នាំទី៤ សិក្សាផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា បានឱ្យដឹងក្រោយពីបានសិក្សាស្វែងយល់អំពីការពិព័រណ៌ផលិតផលសូត្រ និងសម្ភារតម្បាញទាំង ៦ប្រទេសរួចមកថា សារមន្ទីរនេះ ជាចំណែកមួយក្នុងការថែរក្សា នូវវប្បធម៌ ដែលជាស្នាដៃបុព្វបុរស ដែលបានបន្សល់ទុកនូវវិធីសាស្រ្តផលិតសូត្រ និងឧបករណ៍តម្បាញជាច្រើនយ៉ាងសំបូរបែប។

កញ្ញា ចាត់ទុក ទស្សនកិច្ចសិក្សានេះ ថា មានសារសំខាន់ណាស់សម្រាប់សិស្សនិស្សិត ដូចជា បច្ចេកទេស នៃការសាងសង់អគារ ការរៀបចំតាំងពិព័រណ៍ ដែលអាចយកជាគំរូបាន និងក៏ជាគន្លឹះមួយ សម្រាប់ការធ្វើនិក្ខេបបទបញ្ចប់ការសិក្សា នៅឆ្នាំខាងមុខ រួមទាំងការធ្វើការដោយមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា  រយៈពេល ៣ថ្ងៃនេះ នៃការចុះទស្សនកិច្ចសិក្សារបស់សាកលវិទ្យាល័យន័រតុននៅក្នុងខេត្តសៀមរាប ក្រៅពីចុះទស្សនកិច្ចសិក្សា នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និស្សិត មកពីសកលវិទ្យាល័យ ន័រតុន ក៏បានទៅទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទស្សនាការដ្ឋានជួសជុល ប្រាសាទព្រហ្មកិល ទស្សនាការដ្ឋានជួសជុលស្ពានហាល ប្រាសាទអង្គរវត្ត ទស្សនាការដ្ឋានជួសជុលគោបុរៈ ខាងកើតនៃប្រាសាទអង្គរវត្ត ព្រមទាំងជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយ លោក ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និងស្តាប់អនុសាសន៍អំពីការគ្រប់គ្រងអភិរក្ស និងការអភិវឌ្ឍន៍តំបន់បេតិកភណ្ឌពិភពលោកអង្គរផងដែរ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា

អត្ថបទដែលជាប់ទាក់ទង